តុលារការក្ស័យធនរបស់ថៃ បាននិយាយនៅក្នុងសេចក្តីសម្រេចថាតុលាការបានអនុញ្ញាតនិងយល់ព្រមលើផែនការស្តារអាជីវកម្មរបស់ក្រុមហ៊ុន Thai Airways ហើយ ស្របពេលដែលតុលាការមិនបានកែប្រែផែនការរបស់ក្រុមហ៊ុននោះទេ ពោលគឺអនុញ្ញាតទៅតាមផែនការទាំងស្រុងរបស់ក្រុមហ៊ុន និងទៅតាមអ្វីដែលម្ចាស់បំណុលបានព្រមព្រៀងគ្នាកន្លងមក។
គួររំឭកថា មុននឹងទទួលបានការអនុញ្ញាតពីតុលាការក្ស័យធនថៃ ដូចនេះ ក្រុមហ៊ុន Thai Airways កាលពីពាក់កណ្តាលខែឧសភា ត្រូវបានម្ចាស់បំណុលជាង ៩០% បោះឆ្នោតឲ្យក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ អាចបន្ដរៀបចំរចនាសម្ព័ន្ធផែនការ ដើម្បីស្ដារអាជីវកម្មរបស់ខ្លួនឡើងវិញ។
គណៈកម្មាធិការទាំង៥រូប រួមទាំងនាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways លោក ចាន់ស៊ីន ទ្រីនូឆាក្រន (Chansin Treenuchagron) និង អតីតនាយកប្រតិបត្តិ លោក ភីយាវាស្ទី អារ៉ាណាន់ (Piyasvasti Amranand) នឹងដើរតួជាអ្នកគ្រប់គ្រងនិងអនុវត្តផែនការនេះ។
គួរជម្រាបថា ការផុងខ្លួនចូលក្នុងអន្ទាក់បំណុលកប់យ៉ាងជ្រៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ មិនមែនទើបតែកើតឡើងនៅអំឡុងពេលកូវីដ-១៩នោះទេ ពោលគឺក្រុមហ៊ុននេះ ជួបបញ្ហាបំណុលតាំងតែពីមុនកូវីដ-១៩ទៅទៀត ដោយសារតែប្រតិបត្តិការអាជីវកម្ម និងប្រាក់ចំណូលធ្លាក់ចុះខ្លាំង បូករួមទាំងការកក់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានបន្តធ្លាក់ចុះជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១២មក រួមទាំងបញ្ហារួមផ្សំជាច្រើនទៀត។
តួយ៉ាង កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអាកាចរណ៍របស់ថៃអ៊ែរវ៉េមួយនេះ បានប្រកាសពីការខាតបង់ប្រាក់ប្រមាណ៤ពាន់៥រយលានដុល្លារអាមេរិក។
សូមបញ្ជាក់ថាក្រុមហ៊ុន Thai Airways ធ្លាប់បានប្រកាសថាខ្លួនអាចកាត់បន្ថយចំណាយដើម្បីយកមកសងបំណុល បានចំនួនជិត១ពាន់លានដុល្លារអាមេរិក តាមរយៈការកាត់បន្ថយជើងហោះហើរ និងចំនួនយន្តហោះពីជាង ១០០គ្រឿងមកនៅត្រឹមតែជាង ៨០គ្រឿងប៉ុណ្ណោះ គិតត្រឹមឆ្នាំ ២០២៥ខាងមុខ។
យើងនឹងរង់ចាំតាមដានមើលពី ជោគវាសនារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េមួយនេះ បន្តទៀត ថាតើពិតជាងើបរួចពីបំណុល និង ស្តារមុខមាត់បានឡើងវិញ តាមរយៈផែនការអាជីវកម្មថ្មីនេះឬ យ៉ាងណា?