លោក សោមគីត ចតុស្រីបិតក ឧបនាយករដ្ឋមន្ត្រីថៃ បានគូសបញ្ជាក់ថា វិស័យសំខាន់ៗ ដែលរុញច្រានដល់ កំណើនសេដ្ឋកិច្ចជាតិ គឺវិស័យទេសចរណ៍ និងការនាំចេញ ដែលវាបានចុះទន់ខ្សោយទៅហើយ ដោយសារតែ សេដ្ឋកិច្ចសកលលោក មិនល្អនោះទេ ក្នុងអំឡុងពេលនេះ។
យ៉ាងណាក៏ដោយចុះ ឧបនាយករដ្ឋមន្ត្រីថៃ ពុំបានបង្ហាញតួលេខព្យាករណ៍ GDP ថៃ នៅក្នុងត្រីមាសទី ១នៅឡើយនោះទេ រង់ចាំដល់ពាក់កណ្តាលខែឧសភានេះ។
មន្ត្រីជាន់ខ្ពស់ នៅធនាគារកណ្តាលថៃ ធ្លាប់បានគូសបញ្ជាក់ដែរថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះគ្រប់ត្រីមាសទាំងអស់ ក្នុងឆ្នាំ ២០២០នេះ ដោយត្រីមាសទី ២ រងផលប៉ះពាល់ខ្លាំងជាងគេ ហើយត្រីមាសទី ៣ និងទី ៤ អាចនឹងមានការធ្លាក់ចុះស្តួចស្តើង មុននឹងមានភាពប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ខាងមុខ។លោក បញ្ជាក់ថា ការព្យាករយ៉ាងដូច្នេះ គឺក្នុងករណីដែល បញ្ហាមេរោគកូវីដ-១៩ ត្រូវបានគ្រប់គ្រងបាននៅ ក្នុងត្រីមាសទី២នេះ ប៉ុណ្ណោះ។
គួរជម្រាបថា ធនាគារកណ្តាលថៃ ក៏បានព្យាករដែរថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលរំពឹងនឹងកើនឡើង ២,៨% ក្នុងឆ្នាំ ២០២០នេះ នឹងធ្លាក់ចុះទៅវិញប្រមាណ ៥,៣% ក្រោយពីមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ហើយការធ្លាក់ចុះខ្លាំងជាងគេបំផុត គឺនៅក្នុងត្រីមាសទី ២នេះ។
បើតាមការបញ្ជាក់ពី ធនាគារកណ្តាលថៃ បើសិនជាប្រជាជនថៃ សហការ និងអនុវត្តទៅតាមវិធានការ របស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើចំណាកស្រុក និងការរក្សាគម្លាតសង្គម (Social Distance) ពិតណាស់ អត្រាឆ្លងមេរោគនឹងត្រូវបានគ្រប់គ្រង ហើយសេដ្ឋកិច្ចនឹងមានភាពប្រសើរឡើងទៅតាមនោះដែរ ហើយធនាគារកណ្តាលថៃ ក៏បានព្យាករដែរថា កំណើនសេដ្ឋកិច្ចរបស់ថៃ នឹងអាចកើនឡើងប្រមាណ ៣% នៅក្នុងឆ្នាំ ២០២១៕