ប្រភព័ត៌មាន ពីនាយកដ្ឋានរតនាគាររបស់ថៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើរាជរដ្ឋាភិបាលថ្មីរបស់ថៃ ចង់បន្តគម្រោងផ្គត់ផ្គង់ផ្ទះតម្លៃទាបដល់ពលរដ្ឋនេះ គេគួរតែពិចារណា បន្ថូរបន្ថយនូវលក្ខខណ្ឌ ចំពោះអ្នកខ្ចី ដើម្បីអាចឲ្យពលរដ្ឋជាអ្នកចំណូលទាបទាំងនោះ អាចទទួលបានប្រភពហិរញ្ញវត្ថុកាន់តែប្រសើរ សម្រាប់ការទិញផ្ទះរបស់ពួកគេ។
ដើម្បីអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយរបរយោធាថៃ កាលពីមុន ឃើញថាគម្រោងផ្ទះតម្លៃទាបនេះ គឺត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តឲ្យវិស័យឯកជន អភិវឌ្ឍគម្រោងលំនៅដ្ឋាន សម្រាប់ពលរដ្ឋដែលជាគោលដៅ គឺជាអ្នករកចំណូលបានប្រមាណ ១សែន បាត ឬស្មើនឹងប្រមាណ ៣២០០ ដុល្លារអាមេរិក ឬតិចជាងនេះនៅ ក្នុងមួយឆ្នាំ។ ហើយពលរដ្ឋក៏អាចជួលលំនៅដ្ឋានសាងសង់លើដីរដ្ឋទាំងនោះ ដើម្បីស្នាក់នៅផងដែរ។
នាយកដ្ឋានរតនាគាររបស់ថៃ នឹងពិភាក្សាជាមួយនឹងធនាគារថៃ Bank of Thailand អំពីលក្ខខណ្ឌតិកៈកម្ចីហិរញ្ញវត្ថុងាយៗ សម្រាប់គម្រោងផ្ទះតម្លៃទាប និងការព្រមទទួលយកនូវការខាតបង់ ដែលអាចកើនឡើងនៅពេលខាងមុខ ក្រោមគម្រោងកម្ចីទិញលំនៅដ្ឋាននេះ ដើម្បីជាការបើកផ្លូវសម្រាប់ពលរដ្ឋអាចមានលទ្ធភាពទទួលបានកម្ចីទិញផ្ទះ។
ប្រធានធនាគារ GH Bank បាននិយាយដែរថា មានអ្នកស្នើសុំកម្ចី ដើម្បីទិញផ្ទះតម្លៃទាប ភាគច្រើន គឺមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការសងត្រឡប់ក្នុងកម្រិតអប្បរមាផង ខណៈដែលធនាគារ GH Bank និងធនាគារប្រាក់សន្សំរបស់រដ្ឋាភិបាល គឺជាអ្នកផ្ដល់កម្ចីសម្រាប់គម្រោងផ្ទះតម្លៃទាបនេះ។
គួរបញ្ជាក់ថា គម្រោងផ្ទះតម្លៃទាបរបស់រដ្ឋាភិបាលថៃ នៅក្នុងខេត្តឈៀងរៃ គឺត្រូវបានគេរំពឹងថា អាចទទួលបានអ្នកទិញច្រើន ដោយសារតែមានទីតាំងល្អ និងតម្លៃសាងសង់ទាប។
ទោះយ៉ាងណា នៅខេត្ត ឈុន បូរី និងណាក់ខន ផានំ គឺបានបរាជ័យក្នុងទាក់ទាញអ្នកចូលរួមដៃថ្លៃ ដោយសារតែការសាងសង់មានតម្លៃថ្លៃ៕
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលថៃ បានប្រកាសគម្រោងបញ្ចេញថវិកាប្រមាណ ៥០ពាន់លានបាត ឬស្មើនឹងជាង ១,៥ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ លើការផ្ដល់ជាកម្ចីឥណទានការប្រាក់ទាប នៅដំណាក់កាលដំបូងនេះ តាមរយៈធនាគារលំនៅដ្ឋានរបស់រដ្ឋ (Government Housing Bank) ដើម្បីឲ្យពលរដ្ឋ ដែលមានចំណូលទាបប្រមាណ ៥ម៉ឺននាក់ អាចមានលទ្ធភាពខ្ចីប្រាក់ទាំងនោះ យកទៅទិញផ្ទះដោយបង់រំលស់។ ប៉ុន្ដែ តាមអ្វីដែលសារព័ត៌មានក្នុងស្រុកនៃប្រទេសនេះចុះផ្សាយ គឺគម្រោងនេះហាក់កំពុងជួបប្រឈមនឹងភាពបរាជ័យ ដោយសារតែពលរដ្ឋមិនអាចបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានកម្ចី៕