រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក ស័ក្តិសាយ៉ាម (Saksayam Chidchob) បាននិយាយថា ស្ពានទីប្រាំពីរដែលតភ្ជាប់ទីក្រុងណងខៃ ប្រទេសថៃ ជាមួយទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលត្រូវបានគេស្គាល់ថាជាស្ពានមិត្តភាពថៃ-ឡាវទីពីរ ត្រូវបានរៀបចំឡើងដើម្បីជាតំណភ្ជាប់ក្នុងការដឹកជញ្ជូនទាំងផ្លូវដែក និងផ្លូវថ្នល់។
ទន្ទឹមនេះ លោកបានបន្ថែមទៀតថា នាយកដ្ឋានផ្លូវហាយវេនឹងទទួលបន្ទុកលើការសិក្សារចនាស្ពាននេះ ដែលត្រូវបានប៉ាន់ប្រមាណថា ការសិក្សារនេះនឹងត្រូវចំណាយអស់ប្រហែលជាង ៤ លានដុល្លារអាមេរិក។ ដោយឡែក សម្រាប់ការចំណាយលើការសាងសង់ស្ពាន និងបណ្តាញផ្លូវតូចមួយចំនួនត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១២២លានដុល្លារ ដែលទំនងជានឹងត្រូវបែងចែកលើការចំណាយនេះរវាងប្រទេសថៃ និងឡាវ ហើយបញ្ហានេះនឹងត្រូវពិភាក្សាដោយគណៈកម្មាធិការចម្រុះថៃ-ឡាវនៅពេលខាងមុខទៀត។
គួរជម្រាបថា ការសិក្សាលើស្ពានថ្មីនេះនឹងប្រើពេល ១ ឆ្នាំ ហើយគម្រោងសាងសង់ស្ពាននេះត្រូវតែបញ្ចប់មុនពេលគម្រោងរថភ្លើងល្បឿនលឿនដំណាក់កាលទី ២ បើកដំណើរការនៅឆ្នាំ ២០២៨ ។
ការសាងសង់ស្ពានថ្មីពីខេត្ត ណងខៃ ទៅកាន់ប្រទេសឡាវនេះ គឺក្នុងគោលបំណងតភ្ជាប់ប្រទេសថៃទៅ កាន់ផ្លូវដែកឡាវ-ចិន។ ស្ពានថ្មីនេះក៏នឹងជួយសម្រួល និងជំរុញដល់កិច្ចសហប្រតិបត្តិការភស្តុភារកម្មឱ្យកាន់តែជិតស្និទ្ធ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ ប្រទេសឡាវ និងបន្តទៅប្រទេសចិន ដែលវានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសថៃ ក៏ទើបតែបាននាំចេញផលិតផលកសិកម្មមួយចំនួនរបស់ខ្លួនទៅកាន់ទីផ្សារចិន តាមរយៈខ្សែរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលទើបតែបើកដំណើរនេះផងដែរ ដោយថៃរំពឹងថា ខ្សែរថភ្លើងល្បឿនលឿនមួយនេះ នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មពិសេសផ្លែឈើស្រស់ពីថៃទៅចិនកាន់តែច្រើនឡើងថែមទៀត៕
អត្ថបទ ស៊ើង និមល់