ការសម្រេចឲ្យបើកខេត្តទាំង៦ត្រៀមទទួលភ្ញៀវបរទេសនេះ ធ្វើឡើងនៅបន្ទាប់ពីវិធានការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់ទេសចរបរទេស ពីចំនួន១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃត្រូវបានដាក់ឲ្យអនុវត្តសាកល្បងនៅក្នុងខេត្តភូកេត ទទួលបានជោគជ័យ ដោយជាលទ្ធផល មានទេសចរមកពីប្រទេសលោកខាងលិច ជាច្រើនរយនាក់បានចាប់ផ្តើម ចូលមកលេងកម្សាន្ដនៅប្រទេសថៃឡើងវិញ នៅអំឡុងពេលបើកសាកល្បងនេះ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ លោក ភីផាត ប្រាកាន់ (Phiphat prakarn) កាលពីថ្ងៃសុក្រសប្តាហ៍មុនបាននិយាយថា ខេត្តទេសចរណ៍សំខាន់ៗចំនួន៦ ដែលត្រៀមបើកឲ្យទេសចរ ដែលបានចាក់វ៉ាក់សាំងរួចអាចទៅលេងកម្សាន្តបាននោះរួមមាន ខេត្តភូកេត ខេត្តក្រាប៉ី (Krabi) ខេត្តផាងណា ខេត្តស៊ូរ៉ាតថានី (កោះសាមុយ) ខេឈុនបូរី (តំបន់ប៉ាតាយ៉ា) និងខេត្តឈៀងម៉ៃ។
ក្នុងចំណោមខេត្តទាំង៦នេះខេត្តភូកេត ត្រូវបានដាក់ចេញនូវវិធានការពិសេសជាងគេ។ ពិសេសគឺនៅត្រង់ថា ខេត្តដ៏មានសក្តានុពលមួយនេះ ត្រូវបានរដ្ឋាភិបាលថៃ អនុញ្ញាតឲ្យភ្ញៀវដែលបានចាក់វ៉ាក់សាំងរួច ចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័កតែម្តង ចាប់ពីខែកក្កដាដល់ ខែកញ្ញា។ ប៉ុន្តែ គេត្រូវកំណត់ចំនួនតាមតំបន់ដែលអាចឲ្យភ្ញៀវដើរលេងបាន ដោយមិនអាចឲ្យដើរកម្សាន្តគ្រប់កន្លែងតាមតែចិត្តនោះទេ។
ចំនួនភ្ញៀវទេសចរបរទេសប្រមាណ ៦លាន៥សែននាក់ ត្រូវបានថៃរំពឹងថា នឹងមកដល់ប្រទេសខ្លួននៅក្នុងឆ្នាំនេះ បន្ទាប់ពីការបើកប្រទេសឡើងវិញ ចាប់ពីពាក់កណ្តាលឆ្នាំ២០២១តទៅ។
សូមរំឭកថា ថៃជាប្រទេសមួយក្នុងចំណោម ៩ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន ដែលរងគ្រោះខ្លាំងបំផុតពីកូវីដ-១៩ ដោយសារតែការដាំក្បាលចុះខ្លាំងនៃវិស័យទេសចរណ៍ ដែលជាវិស័យស្នូលរបស់សេដ្ឋកិច្ច ហើយសេដ្ឋកិច្ចថៃនៅឆ្នាំ២០២០កន្លងទៅនេះ ក៏ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះខ្លាំងមិនធ្លាប់មានឡើយ ចាប់តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ៕