លោក គី រ៉ាទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានគូសបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីពេលថ្មីៗនេះថា កូតាប្រចំាឆ្នាំ សម្រាប់អង្ករ ដែលមានអត្រាពន្ធសូន្យ សម្រាប់ខែតុលានេះ គឺមានប្រមាណ ២,៥ ម៉ឺនតោន ហើយនៅក្នុងមួយឆ្នាំ ២០២០ពេញ អឺរ៉ុបបានកំណត់កូតានាំចូលអង្ករ ៦៣ម៉ឺនតោន។
លោកបន្តថា ជាធម្មតា អឺរ៉ុបកំណត់ពន្ធចូលអង្ករ ប្រមាណ ១៧០ដុល្លារអាមេរិកក្នុងមួយតោន ដូច្នេះ វាជាឱកាសមាស សម្រាប់អ្នកនាំចេញអង្ករថៃ បង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប នៅពេលនេះ។
យ៉ាងណាក៏ដោយ អឺរ៉ុប តម្រូវឲ្យអ្នកនាំចេញអង្ករ ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនាំចូលជាមុនសិន នៅក្នុងរយៈពេល ១០ថ្ងៃដំបូង ខែតុលាខាងមុខ ហើយបើសិនជា អ្នកនាំចេញអង្ករថៃ ចាប់អារម្មណ៍នឹងឱកាសនេះ ត្រូវដាក់ពាក្យស្នើសុំការនាំចេញអង្ករទៅកាន់ អឺរ៉ុបជាមុនសិន តាមរយៈនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃ។
នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២០នេះ ថៃសម្រេចបានការនាំចេញអង្ករជាង
១៤ម៉ឺនតោន ដែលមានតម្លៃប្រមាណ ១៤០លានដុល្លារអាមេរិកទៅកាន់ទីផ្សារអឺរ៉ុប
ហើយកាលពីឆ្នាំ ២០១៩កន្លងទៅ ថៃក៏បាននាំចេញអង្ករជាង ៤សែនតោនទៅកាន់ ទីផ្សារអឺរ៉ុបនេះដែរ
ដោយមានទឹកប្រាក់សរុបជាង ៣១៥លានដុល្លារអាមេរិក។
គួរជម្រាបដែរថា ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានអះអាងរួចហើយថា ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្នុងឆ្នាំនេះ នឹងធ្លាក់ចុះទាបជាង ឆ្នាំ ២០១៩ ដោយសារតែវិបត្តិមេរោគកូវីដ១៩ ហើយកត្តាផលិតកម្មអង្ករក្នុងស្រុក ក៏នៅតែមិនទាន់ច្បាស់លាស់ដូចគ្នាដែរ៕