តាមការវិភាគដែលចុះផ្សាយដោយសារព័ត៌មាន The Nation បានឲ្យដឹងថា សេណារីយ៉ូនៃការរង់ចាំរដ្ឋាភិបាលថៃថ្មី អាចអូសបន្លាយដល់រយៈពេល១០ខែទៀត ពីព្រោះសមាជិកព្រឹទ្ធសភាថៃក្រោមស្រមោលយោធា គឺនឹងផុតអាណត្តិនៅក្នុងរង្វង់ខែឧសភាឆ្នាំ២០២៤ ។ ការលើកឡើងនេះ គឺដោយសារតែពេលនេះសមាជិកសភា គឺជាឆ្អឹងទទឹងកដ៏សំខាន់នៅក្នុងការកំណត់ តំណែងនាយករដ្ឋមន្រ្តីថៃទី៣០ របស់ប្រទេស។
លោក គ្រៀនក្រៃ បានអះអាងថា ប្រសិនបើសេណារីយូនយោបាយដើរតាមខ្សែបន្ទាត់នៃការវិភាគបែបនេះមែននោះ ប្រទេសថៃ ច្បាស់ជាជួបបញ្ហាធំមិនខានឡើយ។ នៅក្នុងអំឡុងពេលនេះសហគ្រិននានា នៅក្នុងប្រទេសថៃកំពុងតែប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន ដោយរួមទាំងបញ្ហាបំណុល បញ្ហាទីផ្សារ បញ្ហាសម្ពាធពីចរន្តសាកល គឺសុទ្ធតែបញ្ហាអាក្រក់ ដែលត្រូវរង់ចាំការវះកាត់ពីរដ្ឋាភិបាលថ្មី។
គូររំលឹកថា កាលពីខែមិថុនា លោក គ្រៀនក្រៃ ធ្លាប់បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលលើសពីខែសីហា អស្ថិរភាពនយោបាយអាចបំបាក់ទឹកចិត្តជនបរទេសមិនឱ្យមកលេងប្រទេសថៃក្នុងអំឡុងពេលចុងឆ្នាំនេះ ហើយទំនុកចិត្តវិនិយោគទុនបរទេសក៏ធ្លាក់ចុះផងដែរ។
លោកបានបន្តថា វិបត្តិនេះនឹងជះឥទ្ធិពល ដល់កំណើនសេដ្ឋកិច្ច ដែលនាំទៅដល់ការកែសម្រួលដល់ការកំណត់ អត្រាកំណើន GDPទៀតផង ។
អត្រាកំណើត GDP ដែលគេព្យាករណ៍សម្រាប់ឆ្នាំ២០២៣ នេះគឺអាចនៅក្នុងរង្វង់ ពី ៣ ទៅ ៣,៥ ភាគរយ ប៉ុន្តែប្រសិនបើវិបត្តិនយោបាយនៅបន្តអត្រាកំណើន GDP អាចនឹង ទាញមកនៅត្រឹម ២ ទៅ ២,៥ ភាគរយ ប៉ុណ្ណោះនៅឆ្នាំនេះ៕
ដោយៈ សរ សុជាតិ