សារព័ត៌មានបាងកកប៉ុស្តិ៍ បានទម្លាយអំពើពុករលួយមួយថា រដ្ឋាភិបាលថៃ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅវិមានរដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិដ៏អាម៉ាស់មួយពាក់ព័ន្ធរឿងអាស្រូវយកលុយទិញក្របខណ្ឌមន្ត្រីរាជការ។ លោក អានុទីន បានបញ្ជាទៅកាន់អគ្គលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងមហាផ្ទៃ ឱ្យនិរាករណ៍ ឬលុបចោលលទ្ធផលនៃការប្រឡងនោះចោល ទោះបីជាត្រូវបានប្រកាសជាផ្លូវការរួចហើយក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ដំណើរការទាំងមូល គឺខុសច្បាប់ទាំងស្រុង ដូច្នេះលទ្ធផល ក៏ត្រូវតែចាត់ទុកជាមោឃៈដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការតែងតាំងមន្ត្រីជាប់ពាក់ព័ន្ធ នឹងត្រូវលុបចោល ហើយអ្នកដែលមានភស្តុតាងលួចបន្លំនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ថែមទៀតផង។
ការប្រឡងដ៏ចម្រូងចម្រាសនេះ ត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន ដោយនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ដើម្បីជ្រើសរើសមន្ត្រីចំនួន ៦,៦៦៩នាក់។ ចំណាត់ការខាងលើបានកើតឡើងក្រោយអាជ្ញាធរចុះក្របួចកមនុស្សមួយក្រុម ដែលភាគច្រើនជាមន្ត្រីរាជការខិលខូចនៅខេត្តនុនថៈបុរី ខណៈពួកគេកំពុងប្រព្រឹត្តសកម្មភាពលួចបន្លំទិន្នន័យ និងកែលទ្ធផលបេក្ខជនប្រហែល៣ពាន់នាក់ឱ្យប្រឡងជាប់ដោយស្វ័យប្រវត្តិ។
អ្វីដែលធ្វើឱ្យមហាជននៅស្រុកថៃ ហួសចិត្ត និងជាចំណុចចាក់ដោតបំផុតនោះ គឺទំហំទឹកប្រាក់នៃការសូកប៉ាន់ ដោយបេក្ខជនម្នាក់ៗហ៊ានបង់ប្រាក់ចន្លោះពី១ម៉ឺនទៅជាង២ម៉ឺនដុល្លារអាម៉េរិកគ្រាន់តែដើម្បីប្តូរឈ្មោះឱ្យប្រឡងជាប់។ ប៉ុន្តែមុខតំណែងដែលពួកគេទទួលបានត្រឹមជាមន្ត្រីថ្នាក់បឋម ដែលមានប្រាក់ខែប្រមាណ៤៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ។ បញ្ហានេះបានបង្កើតឱ្យមានការចោទជាសំណួរដ៏ចាក់ដោតថា តើការហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីទិញប្រាក់ខែ ៤៥០ដុល្លារនេះជារឿងឆោតល្ងង់ ឬមួយក៏ជាការវិនិយោគទិញអំណាចទុកមុន ដើម្បីចូលទៅកេងប្រវ័ញ្ច ស្រូបយកផលប្រយោជន៍ និងបង្កភាពពុករលួយបន្តនៅក្នុងប្រពន្ធរដ្ឋបាលថៃ ទៅថ្ងៃខាងមុខ?
អត្ថបទៈ សួន ឡង់ទី