ថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានក្លាយជាគោលដៅសម្រាប់ប្រជាពលរដ្ឋចិនក្នុងការមកដើរលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ បន្ទាប់ពីប្រទេសនៅក្នុងតំបន់អាស៊ានទាំង៣នេះ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។តាមរយៈគោលនយោបាយនេះ ប្រទេសទាំង៣នេះ រំពឹងថា នឹងមានភ្ញៀវទេសចរជនជាតិចិនជាច្រើនមកដើរលេងកម្សាន្ត និងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសខ្លួន ស្របពេលមានពលរដ្ឋចិនរាប់ពាន់នាក់កំពុងរៀបចំផែនការចេញដើរលេងកម្សាន្តនៅក្រៅប្រទេសនៅថ្ងៃឈប់សម្រាកចូលឆ្នាំចិនឆ្នាំនេះ។
កន្លងមកអ្នកដំណើរជនជាតិចិនតែងតែត្អូញត្អែរអំពីរយៈពេលស្នាក់នៅ និងភាពលំបាកក្នុងការទទួលបានទិដ្ឋាការធ្វើដំណើរ ខណៈដែលលិខិតឆ្លងដែនរបស់ពួកគេ គឺស្ថិតក្នុងលេខរៀងទី៦២ ក្នុងចំណោមលិខិតឆ្លងដែនចំនួន១៩៩ប្រទេស ដែលអាចធ្វើដំណើរក្នុងពិភពលោកដោយមិនចាំបាច់សុំទិដ្ឋាការជាមុន។
ក្រុមអ្នកវិភាគបាននិយាយថា ការលើកលែងទិដ្ឋាការនេះប្រាកដណាស់វានឹងជួយធ្វើឱ្យគោលដៅទេសចរណ៍កាន់តែមានភាពទាក់ទាញ ប៉ុន្តែកត្តាប្រឈមមួយចំនួនដូចជាកំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន ស្ថានភាពការងារមិនច្បាស់លាស់ និងការធ្លាក់ចុះនៃប្រាក់ចំណូលនៅឆ្នាំនេះទំនងជាធ្វើឱ្យមានភាពតានតឹងក្នុងការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋចិន។
លោក ចន ក្រាន (John Grant) ប្រធានអ្នកវិភាគនៅក្រុមហ៊ុនទិន្នន័យទេសចរណ៍ OAG យល់ឃើញថា ភាពលំបាកផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋចិនអាចធ្វើឱ្យពលរដ្ឋចិនពិចារណាជ្រើសរើសដើរកម្សាន្តក្នុងស្រុកជាជាងក្រៅប្រទេស ហើយថា ប្រទេសអាស៊ានទាំង៣ខាងលើប្រហែលជាកំពុងស្វែងរកចំណុចខ្សោយទាំងអស់នេះ៕