កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ថៃតាមចែចូវជិត១០ឆ្នាំ ទីបំផុតសហភាពអឺរ៉ុប យល់ព្រមវិលចូលតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡើងវិញហើយ


ក្រោយពីប្រទេសថៃស្វិតស្វាញតាមចែចូវអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតសហភាពអឺរ៉ុប បានយល់ព្រមចាប់ដៃគ្នាជាមួយថៃវិលចូលតុចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសថៃវិញហើយ ក្រោយពីបានផ្អាកការចរចាអស់រយៈពេលជិត១០ឆ្នាំមកនេះ ពោលគឺនៅក្រោយពេលថៃមានរដ្ឋប្រហារយោធា។ យ៉ាងណាមិញ តាមផែនការភាគីទាំងពីរមានបំណងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះឲ្យបាននៅត្រឹមឆ្នាំ២០២៥ខាងមុខ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ហើយ ដែលសហភាពអឺរ៉ុប នឹងធ្វើជាមួយនឹងប្រទេសនៅតំបន់អាស៊ី បន្ទាប់ពីសិង្ហបុរី និងវៀតណាម។
ទីបំផុតសហភាពអឺរ៉ុប យល់ព្រមវិលចូលតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយថៃវិញ! រូបភាព News Straits Time

មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ថៃ និសហភាពអឺរ៉ុប នឹងចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួមគ្នានៅក្នុងខែកក្កដាក្នុងប្រទេសថៃ។ ការចរចានេះនឹងគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ និងសេវាកម្មក៏ដូចជា ការវិនិយោគនៅក្នុងឧស្សាហកម្មសំខាន់ៗរបស់ប្រទេសថៃដែលសហភាពអឺរ៉ុបចង់បង្កើនចំណែកទីផ្សាររបស់ខ្លួនដូចជាថាមពលកកើតឡើងវិញ យានយន្តអគ្គិសនី និងការផលិតបន្ទះឈីបផងដែរ។

ប្រសិនបើកិច្ចចរចានេះជោគជ័យមែននោះ វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣របស់សហភាពអឺរ៉ុបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីមានធ្វើជាមួយនឹងប្រទេសសិង្ហបុរីនៅក្នុងឆ្នាំ២០១៩ និងវៀតណាមនៅក្នុងឆ្នាំ២០២០។

លោក វ៉ល់ឌីស ដូមប្រូស្គីស (Valdis Dombrovskis) អនុប្រធានប្រតិបត្តិ និងជាស្នងការទទួលបន្ទុកពាណិជ្ជកម្មនៃគណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃពុធទី១៥មីនាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ទំនើបនិងមានថាមពលនេះ នឹងនាំទៅរកផលប្រយោជន៍សម្រាប់ភាគីទាំង២ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក Dombrovskis បាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) កាលពីថ្ងៃទី១៥មីនា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ការពិភាក្សា ក្នុងការជំរុញឲ្យមានការចរចាពាណិជ្ជកម្មឡើងវិញនេះ បានចាប់ផ្តើមតាំងពីខែមករាមកម្ល៉េះ ដែលពេលនោះលោក Jurin បានដឹកនាំគណៈប្រតិភូទៅជួបលោក Dombrovskis នៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ហើយគណៈរដ្ឋមន្ត្រីថៃកាលពីខែកុម្ភៈក៏បានអនុម័តពីផែនការរបស់លោក Jurin ដើម្បីបន្តការចរចានេះនៅខែក្នុងកក្កដាផងដែរ។

លោក Jurin បាននិយាយថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ភាគីទាំង២គឺប្រទេសថៃ និងសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស ដែលបានចាប់ផ្តើមជាផ្លូវការនូវជំហានដំបូងនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ទាប់ពីបានព្យាយាមបែបនេះអស់រយៈពេលជិត ១០ ឆ្នាំមកហើយ ហើយមានបំណងបញ្ចប់កិច្ចចរចាឲ្យបានរួចរាល់ក្នុងរយៈពេល ២ ឆ្នាំគឺនៅត្រឹមឆ្នាំ២០២៥។

សហភាពអឺរ៉ុបគឺជាគោលដៅដ៏ធំទី២សម្រាប់មូលធនចេញក្រៅប្រទេសរបស់ប្រទេសថៃ ពោលគឺក្រុមហ៊ុនថៃបានផ្ទាល់នៅអឺរ៉ុបមានចំណែកដល់ទៅ១៤% នៃការវិនិយោគផ្ទាល់នៅក្រៅប្រទេសសរុបរបស់ថៃ។ ក្រុមហ៊ុនធំៗនៅក្នុងសហគមន៍ធុរកិច្ចថៃដូចជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលក់រាយ Central Group បានប្តេជ្ញាបង្កើតមូលធននៅតំបន់អឺរ៉ុប ព្រោះប្លុកនេះគឺជាទីផ្សារនាំចេញដ៏ធំជាងគេទី៤របស់ប្រទេសថៃ សម្រាប់ផលិតផល អាហារ វត្ថុធាតុដើម និងគ្រឿងបន្លាស់អេឡិចត្រូនិចជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុនពីសហភាពអឺរ៉ុបដែលមានវិនិយោគផ្ទាល់មកកាន់ប្រទេសថៃវិញមានចំណែក ១០%។ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់នេះ។ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងសហភាពអឺរ៉ុប និងថៃសម្រាប់ទំនិញមានទំហំទឹកប្រាក់ចំនួន ៥៣ ពាន់លានដុល្លារនៅឆ្នាំ២០២២ ចំណែកពាណិជ្ជកម្មទ្វេភាគីលើសេវាកម្មវិញគឺមានចំនួនសរុបប្រមាណ១០ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយអតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃមានចំនួន ៤ពាន់៣រយលានដុល្លារ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


បុត្រសម្ព័ន្ធធនាគារស្វីសមួយប្រកាសខ្ចីមូលនិធិ៥៤ពាន់លានដុល្លារពីធនាគារកណ្តាលដើម្បីធានានិរន្តភាព និងការពារវិបត្តិដែលអាចកើតមាន

ក្រេឌីត ស្វីស (Credit Suisse) ដែលធនាគារវិនិយោគសកល និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយដែលត្រូវបានបង្កើតឡើង និង មានមូលដ្ឋាននៅប្រទេស…

តើមេទ័ពកំពូលរបស់អាមេរិក និងរុស្ស៊ីជួបនិយាយពិភាក្សាគ្នាអ្វីខ្លះ ក្រោយមានការហេតុការណ៍ធ្លាក់យន្តហោះដ្រូនក្នុងសមុទ្រខ្មៅ?

មេទ័ពកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការធ្លាក់យន្តហោះដ្រូនស៊ីវិលរបស់ខ្លួនក្រោយចាប់សញ្ញាបានដោយយន្តហោះចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅនោះ គឺជាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ