ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ប្រជាជនថៃណា ដែលចង់ធ្វើដំណើរចេញពីទីក្រុងបាងកក និងតំបន់ដែលមានហានិភ័យឆ្លងកូវីដ-១៩ខ្ពស់ ឆ្ពោះទៅកាន់ខេត្ត ឬ តំបន់ដែលជាស្រុកកំណើតរបស់ពួកគេ នៅអំឡុងបុណ្យចូលឆ្នាំថៃខាងមុខនេះ នឹងមិនតម្រូវដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃនោះទេ។ ប៉ុន្ដែ ការអនុវត្តតាមវិធានការគម្លាតសង្គម និងអនាម័យនៅតែបន្ដអនុវត្តដដែល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃ។
លោក អានុទីន ចាន់វីរ៉ាគល់ (Anutin Charnvirakul) រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានប្រាប់ Bangkok Post ឲ្យដឹងថា ប្រទេសថៃនឹងផ្តើមរឹតបណ្តឹងសុវត្ថិភាពឡើងវិញ ដោយនឹងដាក់ចេញវិធានការរឹតត្បិតការជួបជុំ ក្នុងតំបន់ប្រជុំជនជាច្រើននៃក្រុងបាងកក បូករួមនឹងខេត្តជុំវិញនេះផងដែរ ក្រោយពីប្រទេសក្បែរខាងកម្ពុជាមួយនេះ ទើបរកឃើញករណីឆ្លងថ្មីកូវីដ-១៩ម្តងទៀត នៅក្នុងផ្សាររាត្រីមួយកន្លែងក្នុងក្រុងបាងកក។
យ៉ាងណាមិញ ក្រសួងសុខាភិបាលថៃបានបញ្ជាក់ហើយថា ពលរដ្ឋនៅតែអាចធ្វើដំណើរទៅស្រុកកំណើតបានដូចធម្មតា និងមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ពេលទៅដល់ស្រុកកំណើត ដរាបណាពលរដ្ឋប្រកាន់ខ្ជាប់បានល្អនូវវិធានការណ៍សុវត្ថិភាព។
គួរបញ្ជាក់ថា ក្រោយរកឃើញកូវីដ-១៩ នៅចំកណ្តាលក្រុងបាងកក អាជ្ញាធរថៃបានកោះប្រជុំបន្ទាន់ភ្លាមៗ នឹងបានសម្រេចកំណត់យកតំបន់ចំនួន ៥ ជាតំបន់មានហានិភ័យ និងគ្រោះថ្នាក់ពីការឆ្លងកូវីដ-១៩ ខ្ពស់ ព្រមទាំងបានតម្រូវឲ្យស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងពីអាជ្ញាធរផងដែរ។ តំបន់ទាំង៥នោះរួមមាន ក្រុងបាងកក, ប៉ាទុម តានី, នុនថាបូរី, សាមុតប្រាកាន់ និង ណាខន ប៉ាទុម។
យ៉ាងណាក៏ដោយចុះ អ្នកដែលធ្វើដំណើរចេញពីតំបន់ទាំង៥ខាងលើ ក៏មិនតម្រូវឲ្យនៅដាច់ដោយឡែកនោះដែរ ប៉ុន្តែអាជ្ញាធរតាមខេត្តនីមួយៗ មានសិទ្ធិក្នុងការកំណត់វិធានការណ៍តាមតំបន់គ្រប់គ្រងរៀងៗខ្លួន។ ជាក់ស្តែង មន្ទីរសុខាភិបាលខេត្តបូរីរាំ របស់ថៃបានប្រកាសកាលពីពេលថ្មីៗនេះថា ពលរដ្ឋដែលធ្វើដំណើរពីតំបន់មានហានិភ័យទាំង ៥ ដែលបានរៀបរាប់ខាងលើត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃពេលចូលដល់ខេត្តបូរីរាំ។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសង្ក្រានឆ្នាំថ្មីជាធម្មតានៅក្នុងទីក្រុងបាងកក ក៏ដូចជានៅទូទាំងប្រទេស ប៉ុន្ដែមិនមានការលេងល្បែងជះទឹក គប់ទឹក ឬបាញ់ទឹកអ្វីទាំងអស់ ហើយវិធានការរឹតបន្ដឹងនឹងបន្ដធ្វើ ដើម្បីការពារការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ នៅអំឡុងថ្ងៃឈប់សម្រាកខាងមុខនេះ៕