ផែនការថាមពលជាតិ (NEP) ថ្មីរបស់ប្រទេសថៃ ដែលគ្រោងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៤ នេះរហូតដល់ឆ្នាំ២០៣៧ ដែលរួមមានទាំងផែនការអភិវឌ្ឍន៍ថាមពល ផែនការអភិវឌ្ឍន៍ប្រេង ផែនការអភិវឌ្ឍន៍ឧស្ម័ន ផែនការអភិវឌ្ឍន៍ថាមពលជំនួស និងផែនការប្រសិទ្ធភាពថាមពលជាដើម។
មន្ត្រី១រូបនៅក្រសួងថាមពលថៃ ដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយឱ្យដឹងថា ការវិនិយោគភាគច្រើនដែលស្មើនឹងប្រមាណ៤៦ពាន់លានដុល្លារអាម៉េរិក នឹងបានពីការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការវិនិយោគមួយចំនួននៅក្នុងរោងចក្រថាមពលដើរដោយឥន្ធនៈហ្វូស៊ីល។ មន្ត្រីរូបនោះបានបញ្ជាក់ថា ឥន្ធនៈហ្វូស៊ីលនៅតែជាតម្រូវការសម្រាប់ការផលិតថាមពល ប៉ុន្តែការប្រើប្រាស់វានឹងមានការថយចុះ។
បើតាមផែនការអភិវឌ្ឍន៍ថាមពលនេះ នៅត្រឹមឆ្នាំ២០៣៧ ការប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នដើម្បីផលិតថាមពលក្នុងប្រទេសថៃ នឹងធ្លាក់ចុះពី៨០%ក្នុងពេលបច្ចុប្បន្នមកនៅត្រឹម៤៨% ហើយទន្ទឹមនេះ ថាមពលកកើតឡើងវិញត្រូវបានព្យាករថា នឹងកើនឡើងពី២០% កាលពីឆ្នាំ២០២៣ ឈានដល់៥១%នៅពេលនោះ។
ទន្ទឹមនេះ អាជ្ញាធរអគ្គិសនីថៃ (Egat) ក៏គ្រោងបង្កើតស្ថានីយសូឡាបណ្ដែតទឹកដែលមានសមត្ថភាពផលិតអគ្គិសនីបានទំហំ២,៧០០មេហ្គាវ៉ាត់ (MW) នៅតាមបណ្ដាអាងស្តុកទឹកទូទាំងប្រទេសនៅចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ផងដែរ៕
ដោយ: តែម សុខុម