ប្រទេសថៃ

ថៃរំពឹងទទួលបានចំណូលជាង ៥៤៦ លានដុល្លារពីពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មី


អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ថ្ងៃបុណ្យសង្ក្រាននឹងរកចំណូលបានសរុបជាង ៥៤៦ លានដុល្លារអាមេរិក ពីការធ្វើដំណើរក្នុងស្រុកលើសពីកម្រិតឆ្នាំ២០១៩ ដោយសារតែតម្រូវការកើនឡើង។ មន្ត្រីបាននិយាយថា ប្រជាជនថៃជាច្រើនគ្រោងធ្វើដំណើរទៅលេងស្រុកកំណើតរបស់ពួកគេ ដើម្បីប្រារព្ធពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មី បន្ទាប់ពីខានបានប្រារព្ធពិធីបុណ្យនេះអស់រយៈពេល ៣ ឆ្នាំមកហើយ ដោយសារជំងឺកូវីដ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃរំពឹងទទួលបានចំណូលជាង ៥៤៦ លានដុល្លារពីពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មី

អាជ្ញាធរទេសចរណ៍ថៃបានប៉ាន់ប្រមាណថា ថ្ងៃឈប់សម្រាកក្នុងអំឡុងពេលបុណ្យសង្ក្រាន ប្រទេសថៃអាចរកចំណូលបានជិត ៤០០ លានដុល្លារ ពីទេសចរណ៍ក្នុងស្រុក ដោយផ្អែកលើការធ្វើដំណើរចំនួន ៣,៨១ លានជើង។ ការប៉ាន់ស្មាននេះគឺលើសពីកម្រិតឆ្នាំ២០១៩ ដែលរកបានចំណូលជាង ៣៤២ លានដុល្លារ ពីការធ្វើដំណើរចំនួន ៣,៣ លានជើង។

ទោះជាយ៉ាងណាក៏ដោយ លោក លោក យុតថាសាក់ ស៊ូផាសន (Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ការកើនឡើងនៃការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃ និងលើថាមពល អាចធ្វើឱ្យអ្នកដំណើរថៃកែលៃលកថវិការបស់ពួកគេ ឱ្យស៊ីគ្នានឹងលទ្ធភាពចំណាយ ដោយកាត់បន្ថយរយៈពេលស្នាក់នៅ ឬក៏ជ្រើសរើសយកការធ្វើដំណើរទៅលេងគោលដៅជិតៗ ជំនួសឱ្យការទៅលេងតាមគោលដៅឆ្ងាយៗវិញ។

អាជ្ញាធរទេចរណ៍ថៃបានព្យាករថា អត្រានៃការស្នាក់នៅសណ្ឋាគារទូទាំងប្រទេសមានចំនួន ៧៤% ក្នុងនោះតំបន់ភាគខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ដោយមានអត្រា ៨០% ដោយសារភ្ញៀវទេសចរក្នុងស្រុកមានទំនោរទៅលេងឆ្នេរសមុទ្រភាគច្រើន និងដោយសារមានការជួយជំរុញពីយុទ្ធនាការមួយដែលមានឈ្មោះ«យើងធ្វើដំណើររួមគ្នា»។

អាជ្ញាធរនេះបានបន្ថែមថា តំបន់នៅភាគខាងជើងប្រទេសថៃដែលកំពុងគ្របដណ្ដប់ដោយផ្សែងអ័ព្ទក្នុងកម្រិតក្រាស់នៅឡើយនោះបានបង្កជាឧបស័គ្គដល់ភ្ញៀវទេសចរដូច្នេះហើយគេរំពឹងថា តំបន់នោះនឹងអាចទទួលបានភ្ញៀវទេសចរតែ ៦០% ប៉ុណ្ណោះ។

ទេសចរណ៍បរទេសត្រូវបានគេប៉ាន់ប្រមាណថានឹងផ្ដល់ប្រាក់ចំណូលបានជាង ១៤៨ លានដុល្លារ ឬប្រហែល ៦០% នៃប្រាក់ចំណូលនៅឆ្នាំ២០១៩។ គេរំពឹងថានឹងមានភ្ញៀវទេសចរបរទេសចំនួន ៣០៥ ពាន់នាក់ ទៅលេងប្រទេសថៃនៅអំឡុងសប្តាហ៍នៃពិធីបុណ្យសង្ក្រាន្តខាងមុខនេះ។

ប្រាក់ចំណូលត្រូវបានព្យាករថានឹងកើនឡើង ៦៣០% បើធៀបទៅនឹងឆ្នាំមុន ជាពេលដែលប្រទេសថៃមិនទាន់បានបើកទ្វារទទួលទេសចរណ៍ពេញលេញនៅឡើយ កាលពីក្នុងឆមាសទី១ ឆ្នាំនោះ។

អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ភ្ញៀវទេសចរបរទេសភាគច្រើននឹងមកពីបណ្ដាប្រទេសជិតៗមានដូចជាឥណ្ឌា តៃវ៉ាន់ ចិន និងកូរ៉េខាងត្បូង ក្រៅពីអ្នកមកពីប្រទេសបារាំង និងរុស្ស៊ី។ នេះបើផ្អែកទៅតាមការកក់សំបុត្រធ្វើដំណើរនៅមុនពិធីបុណ្យសង្ក្រាន្តចូលមកដល់។

ភ្ញៀវទេសចរសំខាន់ៗផ្សេងទៀតរួមមានមកពីប្រទេសម៉ាឡេស៊ី និងប្រទេសឡាវ ដោយអ្នកធ្វើដំណើរមកពីប្រទេសទាំងនោះ ជាធម្មតា ឆ្លងកាត់ព្រំដែនទៅកាន់ខេត្តមួយចំនួនដូចជាខេត្តសុងក្លា និងខេត្តអ៊ូដនថានី។

ភ្ញៀវទេសចរបរទេសត្រូវបានគេប៉ាន់ប្រមាណថានឹងស្នាក់នៅរយៈពេលពី ៣ ទៅ ៤ ថ្ងៃជាមធ្យម ហើយពួកគេអាចចំណាយប្រហែលជិត ១៦០ ដុល្លារក្នុង១ថ្ងៃ ពោលគឺលើសពីខ្ទង់ចំណាយនៅក្នុងពិធីបុណ្យសង្ក្រាន្តថៃកាលពីឆ្នាំ២០១៩ ដោយសារតែតម្លៃផលិតផលបានកើនឡើងនៅទូទាំងប្រទេស៕




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ អះអាងនៅក្នុងសវនាការជុំនំជម្រះក្ដីថា រូបលោក«គ្មានទោស»នោះទេ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានតុលាការនៅខណ្ឌ ម៉ាន់ហាតាន់ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បើកសវនាការជំនុំជម្រះកា…

លោក ដូណាល់ ត្រាំ អះអាងនៅក្នុងសវនាការជុំនំជម្រះក្ដីថា រូបលោក«គ្មានទោស»នោះទេ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានតុលាការនៅខណ្ឌ ម៉ាន់ហាតាន់ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បើកសវនាការជំនុំជម្រះកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ