នាកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់សមាគមទេសចរណ៍ថៃ សម្រាប់ឆ្នាំ២០២៥ នៅដើមសប្តាហ៍នេះប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ លោក ណាតស្រ៊ីយ៉ា ថាវីវ៉ុង (Natthriya Thaweevong)បាននិយាយថា ស្របពេលរដ្ឋាភិបាលថៃ មានបំណងកំណត់ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍របស់ប្រទេសថៃនោះ ឧស្សាហកម្មនេះអាចជាវិស័យមានការរីកចម្រើនលឿនបំផុតក្នុងចំណោមវិស័យសសរស្ដម្ភទាំង៧ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចថៃ។
អភិបាលសមាគមទេសចរណ៍ថៃ លោកស្រី ថាផានី កៀតផៃប៊ូល (Thapanee Kiatphaibool) បាននិយាយថា នៅឆ្នាំក្រោយនេះប្រទេសថៃ គួរតែស្ថិតក្នុងចំណោមប្រទេសទាំង១៤ ដែលទទួលបានភ្ញៀវទេសចរច្រើនបំផុតនៅលើពិភពលោក។
ជាមួយនឹងថវិកាមានកំណត់ជាង១៧១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ទីភ្នាក់ងារមួយនេះបានព្រាងទិសដៅកំណើនពី៥% ទៅ៧,៥% សម្រាប់ប្រាក់ចំណូលពីទេសចរណ៍នៅឆ្នាំក្រោយនេះដោយប៉ាន់ប្រមាណថា នឹងបានចំណូលអតិបរមាជាង៩៣ពាន់លានដុល្លារ។ ទាក់ទងនឹងការមកដល់របស់ភ្ញៀវទេសចរវិញ ទីភ្នាក់ងារនេះបានកំណត់គោលដៅទេសចរបរទេសចំនួន៤០ លាននាក់ និងទេសចរក្នុងស្រុកចំនួន២២០លាននាក់នៅឆ្នាំក្រោយ។
ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរបរទេសត្រូវបានគេព្យាករថា នឹងមានចំនួនជាង១,៥០០ដុល្លារក្នុងមួយដំណើរកម្សាន្ត ខណៈដែលភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយយ៉ាងហោចណាស់ក៏ជាង១០០ដុល្លារក្នុងមួយដំណើរកម្សាន្ត៕
អត្ថបទ៖ សុខ មង្គល