ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

ថៃបង្ហាញឆន្ទៈមុតមាំក្នុងការចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក


រាជរដ្ឋាភិបាលថៃ បានស្នើទៅកាន់ក្រសួងការបរទេសរបស់ខ្លួនឲ្យមានការប្រកាសជាផ្លូវការមួយអំពីគោលបំណងរបស់ថៃ ក្នុងការចូលរួមពិភាក្សាលើសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីថ្មីមួយ ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថា «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)»។
ថៃបង្ហាញឆន្ទៈមុតមាំក្នុងការចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក

ក្របខណ្ឌសេដ្ឋកិច្ចតំបន់មួយនេះ ក៏ត្រូវបានគេមើលឃើញថា គឺជាគំនិតផ្ដួចផ្ដើមធំមួយរបស់រដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការនយោបាយការទូតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រជែងទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងចាក់ឫសនៅក្នុងតំបន់នេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន ឡាក់សាណាវិសីត បានជួបពិភាក្សាទ្វេភាគីជាមួយនឹងតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ឃេតធឺរីន តៃ នៅក្នុងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម Apec នៅក្នុងទីក្រុងបាងកក នាចុងសប្ដាហ៍មុននេះ។

នៅក្រោយជំនួបនេះ លោកជូរិន បាននិយាយថា សហរដ្ឋអាមេរិកបានស្នើប្រទេសថៃ ឲ្យជួយគាំទ្រដល់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលគំនិតផ្ដួចផ្ដើមនេះ នឹងត្រូវប្រកាសឡើងផ្លូវការនៅក្នុងប្រទេសបារាំងនៅខែក្រោយនេះហើយ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃរូបនេះ បានឲ្យដឹងទៀតថា លោកក៏បានប្រាប់ទៅកាន់តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ឃេតធឺរីន តៃដែរថា គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមរួចហើយ តាមរយៈការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកនេះ ដោយក្នុងនោះ រាជរដ្ឋាភិបាលថៃក៏បានបញ្ជាក់ពីបំណង នៅក្នុងការចូលរួមជាសមាជិកនៃក្របខណ្ឌសេដ្ឋកិច្ចតំបន់មួយនេះផងដែរ។

ប្រទេសថៃ បានបញ្ជាក់ទៀតថា ខ្លួនមានបំណងនឹងចូលរួមចរចាជាមួយនឹងភាគីនានា ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនេះ។ កិច្ចចរចាអំពីក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ នឹងជំរុញលើកកម្ពស់សន្ដិសុខសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសង្កត់ធ្ងន់លើពាណិជ្ជកម្មខ្សែចង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត ការកាត់បន្ថយកាបូនឌីអុកស៊ីត ហេដ្ឋារចនាសម្ព័ន្ធ ការយកពន្ធ និងការប្រយុទ្ធប្រឆាំងនឹងអំពីពុករលួយជាដើម។

ទោះបីជា រាជរដ្ឋាភិបាលថៃបង្ហាញឆន្ទៈចង់ចូលរួមជាមួយអាមេរិក លើក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏ដោយចុះ ប៉ុន្ដែ ក៏មានមតិជំទាស់ផងដែរ។ ជាក់ស្ដែង មានក្រុមបាតុករពីគណបក្សប្រឆាំងមួយចំនួន បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតអាមេរិក នៅទីក្រុងបាងកក ដើម្បីតវ៉ាប្រឆាំង នឹងការគាបសង្កត់របស់ទីក្រុងវ៉ាស៊ិនតោន មកលើប្រទេសថៃ ឲ្យចូលរួមសម្ព័ន្ធជាមួយអាមេរិក ដោយពួកគេចាត់ទុកថា ការចូលរួមនេះ វានឹងធ្វើឲ្យប្រទេសថៃកាន់តែប្រឈមក្នុងជម្លោះមើលមុខគ្នាមិនចំជាមួយប្រទេសចិន និងរុស្ស៊ី។ ក្រុមបាតុករគណៈបក្សប្រឆាំងបានអំពាវនាវឲ្យមេដឹកនាំអាមេរិក លុបចោលសេចក្ដីថ្លែងការណ៍រួមគ្នារវាងរដ្ឋាភិបាលអាមេរិក និងថៃ អំពីយុទ្ធសាស្ត្រសម្ព័ន្ធឥណ្ឌូប៉ាស៊ីហ្វិកនេះចោលទៅ ព្រោះថា វានឹងធ្វើឲ្យថៃស្ថិតក្នុងហានិភ័យ បាត់បង់តុល្យភាពនៅក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាច។

សូមបញ្ជាក់ថា កន្លងទៅប្រទេសជប៉ុន បានចេញមុខមកគាំទ្រពេញទំហឹងលើគំនិតផ្ដួចផ្ដើមរបស់អាមេរិកក្នុងការបង្កើតក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ ហើយជប៉ុនរំពឹងថា វានឹងត្រូវបានដាក់ចេញឆាប់ៗនេះផងដែរ ខណៈដែលមេដឹកនាំវៀតណាមវិញ លោក ផាម មិញជីង ធ្លាប់បានលើកឡើងដែរថា វៀតណាមក៏មានចាប់អារម្មណ៍ចំពោះគំនិតផ្ដួចផ្ដើមនេះដែរ ក៏ប៉ុន្ដែ លោកថា វានៅមានការសិក្សា ក៏ដូចជាពិភាក្សាច្រើនទៀត មុននឹងអាចឈានទៅសម្រេចកិច្ចព្រមព្រៀងណាមួយបាន៕

None



អត្ថបទបន្ទាប់


កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF

ប្រទេសកម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Tra…

រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ

ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនាចុងសប្ដាហ៍មុននេះ បានសម្រេចបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសហ្វាំងឡង់ហើយ ក្រោមហេតុផលថា ប្រទេសនេះមិនយល់ព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ