អាជីវករថៃដែលសុំមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសារព័ត៌មានក្នុងស្រុកថៃថា ខណៈពេលដែលពួកគេមានគម្រោងជំរុញការទិញប្រេងក្នុងតម្លៃថោក ដូចជាប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈជាដើមនោះ ឱនភាពនៃការខ្វះខាតប្រេងនៅតែបន្ដមាន ដោយសារតែការកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវ (LNG) មានក្នុងកម្រិតច្រើន។
មួយវិញទៀត ប្រទេសក្រីក្រក្បែរខាងអាស៊ីមួយចំនួនរបស់ប្រទេសថៃ រួមមានប៉ាគីស្ថាន ស្រីលង្កា និងឡាវកំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន។ ហើយតម្លៃឧស្ម័ន LNG នៅតំបន់អាស៊ីខាងជើងបានកើនឡើងប្រហែល ៥០% ក្នុងខែនេះ និងមានការកើនឡើងជាងបីដងបើធៀបកាលពីឆ្នាំមុន ខណៈដែល រុស្ស៊ីកំពុងទប់ស្កាត់ការនាំចេញប្រេង និងឧស្ម័នទៅកាន់សហភាពអឺរ៉ុប ហើយវាបានជំរុញឲ្យមានការប្រកួតប្រជែងជាសកលលើផលិតនេះកាន់តែខ្លាំងក្លាផងដែរ។
ទោះបីជាយ៉ាងណា មកទល់ពេលនេះ ប្រទេសថៃមិនទាន់ជួបវិបត្តិថាមពលនេះនៅឡើយទេ ប៉ុន្តែសញ្ញាណនៃភាពខ្វះខាតឧស្ម័ន និងប្រេង ដែលប្រើប្រាស់សម្រាប់ផលិតអគ្គិសនី ក៏អាចបង្កើនហានិភ័យគំរាមកំហែងយ៉ាងខ្លាំងដែរ ចំពោះការបែងចែកអគ្គិសនីប្រើប្រាស់ ឬអាចមានការដាច់ចរន្តអគ្គិសនីផងដែរ។
ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ស្ទើរតែពីរភាគបីនៃថាមពលអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានបង្កើតចេញពីឧស្ម័នធម្មជាតិ (LNG) ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។ ហើយហានិភ័យក៏កាន់តែធ្ងន់ធ្ងរឡើងដោយតែការកើនឡើងនៃតម្រូវការប្រើប្រាស់ ស្របពេលដែលវិស័យឧស្សាហកម្ម និងទេសចរណ៍ថៃបានងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-១៩ កន្លងទៅ។
សូមជម្រាបថា បើយោងតាមតួលេខពីតំណាងក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយរដ្ឋ PTT Plc. បានប្រាប់ថា ឧស្ម័នLNG ដែលនាំចូលមានចំនួនមួយភាគប្រាំនៃឧស្ម័នដែលប្រើប្រាស់សម្រាប់ផលិតថាមពលនៅឆ្នាំ ២០២០ ។
លើសពីនេះ ទិន្នន័យដឹកជញ្ជូនរបស់សារព័ត៌មាន Bloomberg បានបង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូងនៅឆ្នាំនេះ ការដឹកជញ្ជូនឧស្ម័ន LNG របស់ប្រទេសថៃមានការកើនឡើង ហើយការដឹកជញ្ជូននេះ គឺដើម្បីជំនួសការដឹកជញ្ជូនតាមបំពង់បង្ហូរប្រេងពីប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលការផលិតឧស្ម័នក្នុងស្រុកមានការធ្លាក់ចុះផងនោះ។ ទោះជាយ៉ាងណាក៏ដោយ ការទិញឧស្ម័ន LNG នៅក្រៅប្រទេសរបស់ថៃបានធ្លាក់ចុះ ៣៥% ក្នុងខែមិថុនានេះ ធៀបនឹងខែឧសភាកន្លងទៅ។
មែនទែនទៅ រដ្ឋាភិបាលថៃបានកាត់ពន្ធលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យទំនិញនាំចូលមានតម្លៃថោក ទន្ទឹមនឹងបរិមាណអគ្គិសនីដែលផលិតចេញពីឥន្ធនៈនោះ បាននឹងកំពុងកើនឡើងខ្លាំងរួចទៅហើយនៅឆ្នាំនេះ។ យ៉ាងណាមិញ បើយោងតាមក្រសួងថាមពលរបស់ប្រទេសថៃបានប្រាប់ឲ្យដឹងថា ការប្រើប្រាស់ប្រេងម៉ាស៊ូតនៅក្នុងការផលិតថាមពលផ្សេងៗក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ទៅ ១៤ ដងណោះ ដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសថៃកំពុងមានតម្រូវការប្រេងកាន់តែច្រើនក្នុងការផលិតថាមពល ដែលពេលខាងមុខនេះអាចនឹងប្រឈមការខ្វះខាតប្រេង ប្រសិនបើការកាត់បន្ថយនាំចូលឧស្ម័ន LNG នៅតែបន្ដធ្វើឡើងក្នុងចំនួនច្រើន៕
អត្ថបទ៖ ហ៊ុន គន្ធថៃ