តើការចាយលុយរាប់សែនដុល្លារដើម្បីបង្កើតសមរភូមិព័ត៌មាននេះមានបង្កប់ល្បិចកល និងភាពមិនកក់ក្តៅក្នុងចិត្តអ្វីខ្លះពីភាគីថៃ?
ជាការណ៍ពិតណាស់កញ្ចប់ថវិកាជិត៣០ម៉ឺនដុល្លារអាម៉េរិក ដែលរដ្ឋាភិបាលថៃទើបតែទម្លាក់ទៅឱ្យមជ្ឈមណ្ឌលព័ត៌មានស្តីពីស្ថានភាពព្រំដែនជាមួយកម្ពុជា ត្រូវបានគេអះអាងថា គឺដើម្បីយកទៅគាំទ្រសកម្មភាពបង្កើនការទំនាក់ទំនងព័ត៌មានសាធារណៈ និងធ្វើសេចក្តីសង្ខេបព័ត៌មានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេស។ ប៉ុន្តែបើពិនិត្យមើលឱ្យស៊ីជម្រៅទៅ គម្រោងថវិកានេះ ត្រូវបានស្នើឡើងរួមគ្នាដោយ នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺឧត្តមសេនីយ៍ អាឌុល ប៊ុនថាំឆារើន ក្នុងគោលបំណងយកទៅប្រើប្រាស់លើការងារបំភ្លឺ ប្រតិកម្ម និងគ្រប់គ្រងព័ត៌មាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងហួសចិត្តនោះ គឺថវិកាទាំងនេះ ក៏ត្រូវបានបែងចែកសម្រាប់យកទៅចំណាយលើការរៀបចំកញ្ចប់ដំណើរទស្សនកិច្ច បង្កើតកម្មវិធីនាំផ្លូវ និងណែនាំប្រព័ន្ធផ្សព្វផ្សាយបរទេសឱ្យចុះទៅកាន់តំបន់ព្រំដែនផងដែរ ពោលគឺហាក់ដូចជាចង់បង្ហាញតែអ្វី ដែលខ្លួនចង់ឱ្យគេឃើញ និងចង់ឱ្យអន្តរជាតិយល់ស្របតាមអ្វីដែលខ្លួនបានរៀបចំទុកតែប៉ុណ្ណោះ។
មជ្ឈមណ្ឌលព័ត៌មានព្រំដែនមួយនេះ នឹងត្រូវបន្តបេសកកម្មក្រោមការសហការយ៉ាងស្អិតល្មួតជាមួយក្រសួងការបរទេសថៃ និងទីភ្នាក់ងារសន្តិសុខផ្សេងទៀត ដើម្បីវាយលុកក្នុងសមរភូមិព័ត៌មាន។ ការប្រឹងប្រែងខំប្រកាសរកលុយមកធ្វើរឿងនេះ ត្រូវបានធ្វើឡើងនៅពេលដែលប្រទេសថៃ កំពុងតែព្យាយាមយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងការយល់ឃើញរបស់សាធារណជន និងសហគមន៍អន្តរជាតិ បន្ទាប់ពីកន្លងមក ភាគីថៃហាក់ដូចជាដេញតាមមិនទាន់ និងតែងតែចាញ់ប្រៀបលើសង្វៀនព័ត៌មានពិតស្តីពីបញ្ហាព្រំដែន។
យ៉ាងណាមិញក្រុមអ្នកវិភាគបានមើលឃើញថា កញ្ចប់ថវិកាជិត៣០ម៉ឺនដុល្លារ ដែលរដ្ឋាភិបាលថៃទើបតែអនុម័តនេះបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ថៃ ពីការដើរដេញតាមដោះស្រាយ និងបកស្រាយពេលមានរឿង មកជាការបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានវាយលុកមុនវិញម្តង។ ពួកគេរំពឹងថា មជ្ឈមណ្ឌលនេះនឹងចាប់ផ្តើមតាមដានរាល់ការវិវត្ត ការវាយតម្លៃ និងការប្រមូលព័ត៌មាន ដើម្បីប្រញាប់ប្រញាល់ផ្សព្វផ្សាយទៅកាន់ពលរដ្ឋខ្លួនឯង ព្រមទាំងសហគមន៍អន្តរជាតិ ក្នុងរូបភាពមួយដែលផ្តល់ផលចំណេញដល់ភាគីថៃខ្លាំងបំផុត។
ទោះជាយ៉ាងណាក៏ដោយ មហាជនជាច្រើនបានលើកឡើងជាសំណួរផ្លែផ្ការថា ការពិតនៅតែជាការពិត ទោះបីជាភាគីថៃខំប្រឹងប្រែងជួលប្រព័ន្ធផ្សព្វផ្សាយបរទេស ឬចំណាយលុយរាប់សែនដុល្លារ ដើម្បីលាបពណ៌ និងកែច្នៃព័ត៌មានព្រំដែនយ៉ាងណាក៏ដោយ ក៏មិនអាចកែប្រែខ្សែកោងព្រំដែនជាក់ស្តែង និងប្រវត្តិសាស្ត្រដែលមានចែងច្បាស់ៗបានឡើយ៕
ដោយៈ សរ សុជាតិ