វិស័យអចលនទ្រព្យ

ថៃ កំពុងរៀបចំផែនការទាក់ទាញវិនិយោគិនចិន ឱ្យមកវិនិយោគក្នុងវិស័យអចលនទ្រព្យ


អាជ្ញាធរឧស្សាហកម្មអចលនទ្រព្យថៃ (IEAT) កំពុងរៀបចំផែនការ ដើម្បីទាក់ទាញវិនិយោគិនចិន ឱ្យមកបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសខ្លួនឱ្យបានច្រើនបន្ថែមទៀត ដើម្បីស្តារវិស័យដែលកំពុងជួបបញ្ហាទីផ្សារមួយនេះ។ ការៀបចំផែនការទាក់ទាញវិនិយោគិនចិននេះ គ្រោងធ្វើឡើងក្រោមយន្តការ«ប្រទេសពីរ ឧទ្យានពីរ ឬ Two Countries, Twin Parks»ដែលជាយន្តការជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យអចលនទ្រព្យ
ដោយ

លោក អាកាណាត ព្រំផន (Akanat Promphan) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ បានគូសបញ្ជាក់ថា ថៃ គ្រោងទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ បន្ថែមទៀត ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីរូបនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«ប្រទេសពីរ ឧទ្យានពីរ»រវាងអាជ្ញាធរឧស្សាហកម្មអចលនទ្រព្យថៃ និងមន្ទីរពាណិជ្ជកម្មខេត្តអាន់ហួយ របស់ប្រទេសចិន កាលពីពេលថ្មីៗ។

សម្រាប់លោក ព្រំផន ថៃចង់ក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់វិនិយោគិនចិន ហើយរដ្ឋាភិបាលថៃនឹងបង្កើតគម្រោងនានដើម្បីជួយសម្រួលដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោករំពឹងថា តាមរយៈអនុស្សរណៈខាងលើវានឹងជួយទាក់ទាញវិនិយោគិនចិនឱ្យមកបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្មនៅក្នុងប្រទេសថៃ កាន់តែច្រើនបន្ថែមទៀត។

ចំនួនវិនិយោគិនចិន ដែលបានមានមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ កំពុងមានការកើនឡើង ជាពិសេសនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីតែម្ដង បន្ទាប់ពីរដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយប្រែក្លាយប្រទេសថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីនៅក្នុងតំបន់។ ថៃរំពឹងថា ក្រោមគោលនយោបាយនេះ វិស័យរថយន្តអគ្គិសនីនឹងតំណាងឱ្យផលិតកម្មរថយន្តសរុបយ៉ាងតិច៣០% នៅត្រឹមឆ្នាំ២០៣០ ដោយរថយន្តអគ្គិសនីមានចំនួនជាង៧២ម៉ឺនគ្រឿង ម៉ូតូអគ្គិសនីមានជាង៦៧ម៉ឺនគ្រឿង និងរថយន្តក្រុង និងរថយន្តអគ្គិសនីធំៗមានចំនួនជាង៣ម៉ឺនគ្រឿង។

បើយោងតាមក្រុមប្រឹក្សាវិនិយោគរបស់ថៃ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ វិនិយោគិនចិន បានជាប់ចំណាត់ថ្នាក់លេខ២ ជាអ្នកបោះទុនវិនិយោគច្រើនជាងគេនៅក្នុងប្រទេសថៃ ជាមួយទំហំវិនិយោគជាង៣ពាន់លានដុល្លារ ខណៈវិនិយោគិនសិង្ហបុរី ឈរលំដាប់ទី១ ក្រោយបានបោះទុនវិនិយោគជាង៥ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


សិង្ហបុរី ក្លាយជាប្រទេសទី១ ដែលគ្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍សម្រាប់ផ្ទេរទិន្នន័យសម្ងាត់

ប្រទេសសិង្ហបុរី បានបោះជំហានទៅមុនពិភពលោកហើយក្នុងវិស័យបច្ចេកវិទ្យាកង់ទិច ដោយគ្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដ៏ទំនើបមួយ ដែលបំពាក់ដោយប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ