លោក ឡា វ៉ា រុន អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ បានគូសបញ្ជាក់ថា នៅក្នុងវិធានការថ្មីនេះ រាជរដ្ឋាភិបាលថៃ នឹងប្រគល់ប្រាក់ ៣ពាន់បាត ឬប្រមាណ ៩៥ដុល្លារ ដល់ប្រជាពលរដ្ឋគ្រប់រូប សម្រាប់ប្រើប្រាស់ទិញទំនិញ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ចាំបាច់ត្រូវចុះឈ្មោះដាក់ពាក្យស្នើសុំ ហើយទឹកប្រាក់នេះ នឹងត្រូវផ្ទេតាមរយៈ កម្មវិធី Pao Tang តែយ៉ាងណា វិធានការថ្មីនេះ គឺខុសពីវិធានការសង្គ្រោះមុនៗ។
លោក ឡា វ៉ា រុន បន្តថា ចំណុចសំខាន់ដែលខុសគ្នា គឺ រាជរដ្ឋាភិបាលថៃ ផ្តល់ប្រាក់តាមកម្មវិធី Pao Tang ហើយកំណត់ចំនួនប្រាក់ ដែលអាចចាយបានប្រចាំថ្ងៃ មិនលើសពី ១០០បាត ទៅ ២០០បាតនោះទេ តែចំណុចនេះ គឺស្ថិតនៅក្រោមការជជែកពិភាក្សានៅឡើយទេ។
ទោះយ៉ាងណាក៏ដោយ បើសិនជាគ្មានការចំណាយនៅក្នុងថ្ងៃធម្មតានោះទេ ប្រាក់នោះ នឹងអាចបូកបញ្ចូល សម្រាប់ចំណាយនៅថ្ងៃបន្ទាប់បាន។
វិធានការនេះ រំពឹងនឹងអាចបង្កើតលំហូរសាច់ប្រាក់បានជិត ៣ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ០,២៨% នៃកំណើន GDP របស់ថៃ ហើយក៏មានគោលដៅកាត់បន្ថយបន្ទុកចំណាយរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងជំរុញការប្រើប្រាស់របស់ឯកជន ដែលអាចគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត។
គួរជម្រាបដែរថា នៅក្នុងគម្រោងនេះ រដ្ឋថៃជួយឧបត្ថម្ភដល់ការចំណាយប្រមាណ ៥០% នៃការចំណាយសរុប ខណៈប្រជាពលរដ្ឋថៃ ត្រូវចំណាយ ៥០% ទៀតដោយខ្លួនឯង៕