ការជំរុញ ចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃ ហើយវាក៏ជាផ្នែកមួយនៃផែនការជំរុញការបើកទ្វារប្រទេសឡើងវិញនៅដើមឆ្នាំ ២០២២ផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក សាធីត ភីតុតេឆា ( Sathit Pitutecha) បាននិយាយថា ប្រទេសថៃនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១២៤លានដូសនៅចុងឆ្នាំនេះ រួមមាន ប្រភេទវ៉ាក់សាំង AstraZeneca ជាង ៤៣លានដូស និង Pfizer ចំនួន ៣០លានដូស ដោយការដឹកជញ្ជូនវ៉ាក់សាំងមកកាន់ប្រទេសថៃ នឹងធ្វើឡើងជាបន្ដបន្ទាប់ចាប់ពីខែកញ្ញារហូតដល់ខែធ្នូ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ជឿជាក់ថា កម្មវិធីចែកចាយវ៉ាក់សាំងនឹងសម្រេចបានតាមគោលដៅ ដោយក្រសួងគ្រោងនឹងចាក់វ៉ាក់សាំង ដល់ក្រុមងាយរងគ្រោះឱ្យបាន១០០% នៅចុងខែតុលានេះ។ លោក សាធីត បានទទួលស្គាល់ថា ប្រទេសថៃពិតជាមានបញ្ហាយឺតយ៉ាងវជាមួយនឹងការការផ្គត់ផ្គង់ និង ចាក់វ៉ាក់សាំងតាំងពីដំបូង ប៉ុន្តែពេលនេះ ក្រសួងអាចធានាថា ការចែកចាយវ៉ាក់សាំងនឹងដំណើរការទៅតាមផែនការ បន្ទាប់ពីការចរចាជាមួយក្រុមហ៊ុនអ្នកផលិតវ៉ាក់សាំងបានរួចរាល់។
ទន្ទឹមនេះ ប្រទេសថៃក៏បានដាក់ចេញនូវកម្មវិធីចុះឈ្មោះចាក់វ៉ាក់សាំងតាមប្រព័ន្ធអនឡាញ ចំពោះពលរដ្ឋថៃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលរស់នៅក្នុងទីក្រុងបាងកក ដើម្បីពន្លឿនការចាក់វ៉ាក់សាំង។
សូមជ្រាបថា ដោយមើលឃើញពីការប្ដេជ្ញាចិត្ត ក្នុងផែនការចាក់វ៉ាក់សាំង ពេលនេះ ក្រសួងទេសចរណ៍ និងកីឡាថៃបានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងបើកទ្វារប្រទេសឡើងវិញនៅដើមឆ្នាំ២០២២ ខាងមុខ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កអ្វីឡើយ ប៉ុន្តែការបើកប្រទេសឡើងវិញនេះ ក៏អាស្រ័យលើស្ថានភាពជាក់ស្ដែងក្នុងប្រទេសផងដែរ។
យ៉ាងណាក៏ដោយចុះ កន្លងមកអាជ្ញាធរថៃ មានផែនការថានឹងបើកក្រុងបាងកកឡើងវិញនៅខែតុលា ប៉ុន្ដែ ក៏ត្រូវបានពន្យារពេលដល់ខែវិច្ឆិកាវិញ ដោយសារតែមានពលរដ្ឋភាគច្រើននៅមិនទាន់បានចាក់ដូសទី២បានគ្រប់គ្នានៅឡើយ។
លោក ភីផាត រ៉ាតឆាឃីត ប្រាកាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានអះអាងថាមានតែតំបន់ដែលមានសុវត្ថិភាពប៉ុណ្ណោះ ដែលអាចបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា ខណៈចាប់ពីខែមករាឆ្នាំ២០២២ក្រោយនេះទៅ ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរចូលប្រទេសថៃត្រូវបានគេរំពឹងថានឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។
សូមជម្រាបថា ប្រសិនបើប្រទេសថៃអាចត្រឡប់ទៅរកស្ថានការណ៍សុវត្ថិភាពសម្រាប់ការធ្វើដំណើរឡើងវិញនៅខែកញ្ញានេះ នឹងមានសញ្ញាវិជ្ជមាននៅត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ ដោយគេអាចសង្ឃឹមថា នឹងទទួលបានអ្នកដំណើររហូតដល់ ១,២លាននាក់។
មកទល់ពេលនេះ ប្រទេសថៃ នៅតែបន្ដរកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាមធ្យមជាង១ម៉ឺននាក់ ហើយថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ថៃ ក៏បានចេញមុខព្រមានផងដែរថា ករណីឆ្លងប្រចាំថ្ងៃ អាចនឹងហក់ឡើងវិញ កើនខ្ពស់ដល់ទៅ ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋហាក់ភ្លេចខ្លួន ឬបន្ធូរដៃក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ទៅតាមអ្វីដែលជាការណែនាំរបស់អាជ្ញាធរ៕
អត្ថបទ៖ ស៊ើង និមល់