ផែនការបើកប្រទេសទទួលយកភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចនេះ គឺធ្វើឡើងស្របទៅនឹងការសន្យារបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលបានសន្យាកាលពីខែមិថុនាថា លោកនឹងដោះស្រាយ បើកទទួលទេសចរណ៍ឡើងវិញឲ្យបានក្នុងរយៈពេល ៣ខែ។នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
យ៉ាងណាមិញ មានអ្នករិះគន់ និងអ្នកជំនាញមួយចំនួនក្នុងប្រទេសថៃ មិនបានសារទរនឹងចំណាត់ការនេះប៉ុន្មានទេ។ ពួកគេអះអាងថា ការបើកប្រទេសក្នុងខែតុលា គឺធ្វើឡើងឆាប់រហ័សពេក។
ភ្លាមៗក្រោយមានការរិះគន់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អានុទីន ចាន់វីរ៉ាគុល បានចេញមកអះអាងថា ផែនការក្នុងការបើកប្រទេសនៅខែក្រោយ អាចទៅរួច ឬមិនអាចទៅរួច គឺអាស្រ័យទៅលើអ្នកជំនាញសុខាភិបាល និងនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ ហៅកាត់ថា CDC ជាអ្នកសម្រេចចិត្ត។ ដោយឡែក រដ្ឋាភិបាលរង់ចាំតែផ្តល់ការគាំទ្រប៉ុណ្ណោះ។
លោកអានុទីន បានបន្តថា បញ្ហានេះមិនអាចប្រញាប់ប្រញាល់បានទេ ព្រោះព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាត និងហានិភ័យរបស់វា ត្រូវតែដោះស្រាយឱ្យបានហ្មត់ចត់ជាមុនសិន។ រដ្ឋាភិបាលថៃមិនបានកំណត់ដាច់ណាត់ ថាត្រូវបើកប្រទេសនៅខែតុលាឲ្យខាងតែបាននោះទេ ប៉ុន្តែប្រសិនបើអ្នកជំនាញធានាថា អាចអនុវត្តការបើកប្រទេសបានឡើងវិញនោះ រដ្ឋាភិបាលនឹងមិនរារែកក្នុងការគាំទ្រយ៉ាងពេញទំហឹងនោះឡើយ។
ដោយឡែក សម្រាប់ក្រុងបាំងកកដែលជាតំបន់ មានការឆ្លងរាលដាលកូវីដ១៩ខ្លាំង ត្រូវបានអាជ្ញាធរអះអាងថា មិនទាន់អាចបើកទទួលទេសចរត្រឹមខែតុលាបានទេ ដោយសារតែមកទល់នឹងពេលនេះ មានពលរដ្ឋនៅបាំងកកប្រមាណតែ ៤០%ប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងទាំងពីរដូស។ ដូច្នេះគេត្រូវរង់ចាំដល់ពលរដ្ឋ៧០%បានទទួលវ៉ាក់សាំងទាំងពីរដូសសិន ទើបអាចបើកទទួលទេសចរណ៍សម្រាប់ក្រុងបាំងកកឡើងវិញបាន។
សូមជម្រាបថា ប្រទេសថៃនៅបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងអត្រាជាង១ម៉ឺននាក់ក្នុងមួយថ្ងៃៗដដែល។ ជាក់ស្តែង នៅថ្ងៃអាទិត្យម្សិលមិញ ថៃរកឃើញអ្នកឆ្លងថ្មីប្រមាណ ១ម៉ឺន៣ពាន់នាក់ទៀត ខណៈចំនួនអ្នកឆ្លងសរុបបានកើនដល់ជាង ១លាន៤សែននាក់ហើយ។ ដោយឡែកអត្រាចាក់វ៉ាក់សាំងបានទាំងពីរដូសនៅទូទាំងប្រទេសថៃ សម្រេចបានត្រឹម២០%ប៉ុណ្ណោះនៃពលរដ្ឋគោលដៅ។ នេះបើតាមទិន្នដែលតាមដាន និងចងក្រងដោយ Bloomberg។