ការបន្ធូរបន្ថយនិតីវិធីទាក់ទងនឹងការធ្វើដំណើរ និងការចំណាយ ដូចជាថ្លៃទិដ្ឋាការ ឬការធ្វើតេស្ត PCR នឹងជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ទេសចរអន្តរជាតិ ជាពិសេស ការលើកលែងទិដ្ឋាការ គឺជាយុទ្ធសាស្ត្រមួយ ដែលនឹងជួយបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិចូលទៅកម្សាន្ដនៅប្រទេសថៃកាន់តែច្រើននៅឆ្នាំក្រោយនេះក្នុងចំនួនគោលដៅចំនួន ១០ លាននាក់។
ទន្ទឹមនេះ ប្រធានក្រុមហ៊ុន Bangkok Airways បាននិយាយដែរថា ប្រទេសថៃកំពុងស្ថិតក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដោយសារគ្រប់ប្រទេសទាំងអស់ត្រូវការភ្ញៀវទេសចរ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច ដូចនេះការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសថៃ។ លោកបានបន្តទៀតថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃនឹងត្រលប់ទៅដូចមុនបានតែ ២០% ទៅ ៣០%ប៉ុណ្ណោះ ទោះបីជាមានការបើកដំណើរការឡើងវិញ ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកាក៏ដោយ។
ដោយឡែក ចំពោះប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្មនៅក្រុមហ៊ុន Thai Lion Air បាននិយាយថា រដ្ឋាភិបាលត្រូវតែគ្រប់គ្រងស្ថានភាពមេរោគឱ្យបានល្អបំផុត ដើម្បីទទួលបានទំនុកចិត្តពីប្រទេសផ្សេងទៀត ដោយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងការធ្វើដំណើរទៅវិញទៅមកជាមួយប្រទេសដទៃផងដែរ។
សូមជម្រាបថា វិស័យអាកាសចរណ៍ គឺជាឧស្សាហកម្មមួយ ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយការផ្ទុះឡើង នៃជំងឺកូវីដ១៩ ហើយការជាវិស័យមួយដែលមានការងើបឡើងវិញយឺតជាងគេផងដែរ៕
អត្ថបទ៖ ស៊ើង និមល់