អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញថា ស្ថានការណ៍វិបត្តិកូវីដ១៩ នៅក្នុងប្រទេសចិនហាក់បីជាធូរស្បើយបន្តិចហើយ និងកំពុងវិលត្រលប់មករកភាពប្រក្រតីវិញ តែយ៉ាងណា វាមិនទាន់ល្អទាំងស្រុងនោះទេ ហើយប្រតិបត្តិករទេសចរណ៍ចិនក៏នៅជាប់គាំងនៅឡើយ។
លើសពីនេះទៅទៀត បញ្ហាប្រឈមសំខាន់គឺ អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសចិន គឺនៅខ្ពស់ប្រមាណ ២៧លាននាក់ ហើយក្នុងអំឡុងពេលនេះ អំណាចទិញរបស់ពួកគេ គឺចុះអន់ខ្សោយ ហើយចំណាយលើការធ្វើដំណើរ គឺនៅខ្ពស់ ដោយសារតែសេវាកម្មទេសចរណ៍ដែលបើកដំណើរការ នៅមានកម្រិត និងជើងហោះហើរ មានចំនួនតិចតួចបំផុត។
ទោះយ៉ាងណា ប្រទេសថៃត្រូវត្រៀមខ្លួនប្រកួតប្រជែងជាមួយ ដៃគូសំខាន់ៗ ដែលកំពុងព្យាយាមចាប់យកភ្ញៀវទេសចរចិន ដូចជា តំបន់ទេសចរណ៍ ម៉ាល់ឌីវ ដែលគ្រោងនឹងអនុញ្ញាតឲ្យ មានការធ្វើដំណើរឡើងវិញ សម្រាប់គ្រប់ជាតិសាសន៍ទាំងអស់ នៅក្នុងខែកក្កដា នេះហើយ ខណៈប្រទេសសិង្ហបុរី ក៏ចាប់ផ្តើមបើកទ្វារទទួលអ្នកជំនួញចិន កាលពីដើមខែមិថុនា នេះដែរ។
អាជ្ញាធរទេសចរណ៍ថៃ ក៏បានស្នើដល់ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ឲ្យធ្វើយុទ្ធនាការទីផ្សារទៅកាន់ ទីក្រុងសំខាន់ៗរបស់ចិន ដែលមានកំណើន GDP ខ្ពស់ ព្រោះថា បើទោះបីជាទីក្រុងនោះ មានករណីឆ្លងមេរោគកូវីដ-១៩ ក៏ដោយ ពួកគេនៅតែមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើការធ្វើដំណើរនៅពេលចិនអនុញ្ញាតឲ្យមានការធ្វើដំណើរឡើងវិញ។
អាស្រ័យហេតុនេះ អាជ្ញាធរទេសចរណ៍ថៃ បានព្យាករជាសេណារីយ៉ូ ចំនួន ២ បើក្នុងករណីល្អគឺថា ភ្ញៀវទេសចរចិន នឹងចូលមកកម្សាន្តនៅក្នុងប្រទេសថៃ នាអំឡុងពេល សប្តាហ៍មាស ដែលមានថ្ងៃឈប់សម្រាកច្រើន នៅក្នុងខែតុលាខាងមុខ ប៉ុន្តែក្នុងករណីអាក្រក់វិញ ថៃ ត្រូវរង់ចាំភ្ញៀវទេសចរចិន រហូតដល់បុណ្យចូលឆ្នាំចិន នៅខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខ។
គួរជម្រាបថា គិតត្រឹម ៥ខែដំបូងដើមឆ្នាំ ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅប្រទេសថៃ បានធ្លាក់ចុះដល់ទៅ ៦០% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ពោលគឺមានភ្ញៀវបរទេសជាង ៦,៧លាននាក់ ហើយប្រាក់ចំណូលក៏ធ្លាក់ចុះ ៥៩% ផងដែរ មកនៅត្រឹម ១០ពាន់លានដុល្លារអាមេរិក៕