យោងតាមមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ថៃ បានឱ្យដឹងថា អាជ្ញាធរថៃ ទទួលបានពាក្យបណ្តឹងរហូតដល់ទៅ៦,០៦០ករណីទូទាំងប្រទេស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែសីហា ដែលបណ្តាលឱ្យជនរងគ្រោះខាតបង់ប្រាក់សរុបប្រមាណ២៦០លានបាត ឬជិត៨លានដុល្លារ។ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់លេខ១ ដោយមាន១៣៨ករណី និងការខាតបង់ប្រាក់រហូតដល់ទៅជិត២លានដុល្លារ បន្ទាប់មកគឺខេត្តណុនថាប៊ូរី មាន៣៦ករណី និងខេត្តឈៀងម៉ៃ មាន២៧ករណី។
ការឆបោកពាក់ព័ន្ធនឹងការទិញទំនិញ និងសេវាកម្មតាមអនឡាញកើតឡើងច្រើនជាងគេបំផុត ដោយមានរហូតដល់ជាង៧៧% នៃពាក្យបណ្តឹងទាំងអស់។ ប៉ុន្តែការឆបោកក្រោមរូបភាពវិនិយោគបង្កការខាតបង់ប្រាក់ច្រើនជាងគេរហូតដល់ជាង២លានដុល្លារ ដែលស្មើនឹងប្រមាណ៣១% នៃការខាតបង់សរុប។ ប៉ូលិសថៃ បានបញ្ជាក់ថា ស្ត្រីរងគ្រោះញឹកញាប់ជាងបុរស ខណៈក្រុមអាយុ២១ដល់៣០ឆ្នាំនៅតែជាក្រុម ដែលប្រឈមហានិភ័យខ្ពស់បំផុតជាប់ៗគ្នាអស់រយៈពេលជាច្រើនខែ។ ករណីដែលកើតមានញឹកញាប់ក្នុងចំណោមយុវវ័យរួមមានការឆបោកតាមរយៈការទិញទំនិញ ការក្លែងបន្លំអត្តសញ្ញាណ និងការផ្តល់ជូនអត្ថប្រយោជន៍ហិរញ្ញវត្ថុក្លែងក្លាយ។
ទន្ទឹមនឹងអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន ជាពិសេសចំពោះការវិនិយោគតាមអនឡាញ ប៉ូលិសថៃ ក៏បានព្រមានដែរថា ជនឆបោកកំពុងបង្កើត App ក្លែងក្លាយដែលចម្លងឈ្មោះ ឡូហ្គោ និងទ្រង់ទ្រាយរបស់ក្រុមហ៊ុនស្របច្បាប់៕
ដោយ: តែម សុខុម