លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា អាជីវកម្ម ដែលនឹងត្រូវអនុញ្ញាតឲ្យបើកឡើងវិញចាប់ពីថ្ងៃចន្ទនេះតទៅ រួមមាន សារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រ, ឧទ្យាន និងសួនច្បារ ហាងកែសម្ផស្ស ហាងធ្វើក្រចក និងហាងម៉ាស្សាជាដើម។ ប៉ុន្ដែ ម៉ាស្សាជើង និងហាងចាក់សាក់ គឺមិនទាន់ឲ្យបើកនៅឡើយទេ។
លោកនាយរកដ្ឋមន្ត្រីថៃ អះអាងថា ការបន្ធូរបន្ថយនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩នាពេលនេះ គឺដោយសារតែកម្រិតនៃការឆ្លងរាលដាលនៃមេរោគ គឺត្រូវបានគ្រប់គ្រងបានហើយ ហើយពលរដ្ឋក្នុងក្រុងបាងកក ក៏បានចាក់វ៉ាក់សាំងបានកាន់តែច្រើនឡើងដែរ។
ទោះជាបែបនេះក្ដី ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅថៃ នៅតែកើតមានខ្ទង់ពាន់នាក់ដដែល ជាក់ស្ដែង តួលេខកាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានជាង២ពាន់៨រយនាក់ និងអ្នកស្លាប់ថ្មីមាន១៨នាក់។
ប្រទេសថៃបានទទួលរងនូវរលកឆ្លងកូវីដ-១៩ ជាលើកទី៣ ចាប់តាំងពីខែមេសាមកកម្ល៉េះ ហើយក្នុងនោះ គឺមានដល់ទៅ៨០% នៃចំនួនករណីឆ្លងសរុបជិត២០ម៉ឺននាក់ គឺជាករណីឆ្លងក្នុងរលកទី៣នេះ ខណៈដែលប្រទេសថៃមានអ្នកស្លាប់ដោយសារកូវីដ-១៩សរុបមានជាង១ពាន់៤រយនាក់ហើយ។
ប្រទេសថៃ បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី៧ ខែមិថុនាមក បន្ទាប់ពីប្រទេសនេះ មានការយឺតយ៉ាវគួរសមដែរ ក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្លួន ដោយសារតែខ្សែចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងមានបញ្ហារាំងស្ទះ។ កម្មវិធីចាក់វ៉ាក់សាំងរបស់ថៃ បានប្រើប្រាស់វ៉ាក់សាំងចំនួន២ប្រទេស គឺAstraZeneca និង Sinovac ហើយរដ្ឋាភិបាលប្រទេសនេះ ក៏កំពុងចរចាកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែមទៀតពីអង់គ្លេសរួមមាន Pfizer និង Johnson & Johnson ជាដើម។
បើទោះបីជា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅមិនទាន់ថមថយចុះខ្លាំងក៏ដោយ ប៉ុន្ដែថៃ នៅតែជំនះក្នុងការបើកទ្វារទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច សម្រាប់ខេត្តភូកេត ដែលការបើកទទួលភ្ញៀវទេសចរនេះ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី ០១ ខែកក្កដាខាងមុខនេះ។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញទេសចរណ៍ថៃ ហាក់មិនសូវរំពឹងខ្ពស់ចំពោះការទទួលភ្ញៀវទេសចរបរទេសនោះទេ ពិសេសគឺភ្ញៀវចិនតែម្ដង ដ្បិតថានៅប្រទេសចិនថ្មីៗនេះ ក៏មានតំបន់មួយចំនួនផ្ទុះឆ្លងរាលដាលកូវីដ-១៩ជាថ្មីទៀតផងដែរ ដែលវាអាចនឹងធ្វើឲ្យអាជ្ញាធរប្រទេសនេះ នឹងរឹតត្បិតជាថ្មីចំពោះការចេញដំណើរទៅក្រៅប្រទេស៕