គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់ អ៊ូចារ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តលើក្របខណ្ឌគោលនយោបាយសារពើពន្ធរយៈពេលមធ្យម តាមការតម្រូវនៃច្បាប់ស្ដីពីការទទួលខុសត្រូវសារពើពន្ធ។
ក្របខណ្ឌគោលនយោបាយសារពើពន្ធរយៈពេលមធ្យមនេះ នឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅពេលខាងមុខនេះ។
លោក ឧបនាយករដ្ឋមន្ត្រីថៃ សមឃីត ជុតទូ ស្រ៊ីពីតាក់ បាននិយាយថា នៅរយៈពេលមធ្យមនេះ រដ្ឋាភិបាលនៅមានពេលដើម្បីអនុវត្តគម្រោងសំខាន់ៗ ដោយមិនមានផលប៉ះពាល់អវិជ្ជមានដល់ក្របខណ្ឌរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេសនោះឡើយ។
ក្រសួងហិរញ្ញវត្ថុថៃ បានរាយការណ៍ទៅកាន់គណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះថា បំណុលសាធារណៈរបស់ថៃ គឺំមានប្រមាណ៤១,២៤% គិតត្រឹមខែកញ្ញាឆ្នាំ២០១៩នេះ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៦,៩ ទ្រីលានបាត ឬស្មើនឹងជិត ២៣០ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាក៏ដោយចុះ លោក Lavaron Sangsnit អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ បានឲ្យដឹងថា កម្រិតបំណុលដែលថៃមានបច្ចុប្បន្ននេះ គឺនៅមានទាបជាង កម្រិត៦០% នៅឡើយទេ ក្រោមក្របខណ្ឌនិរន្តរភាពសារពើពន្ធ និង ៥០% ក្នុងផែនការសារពើពន្ធរយៈពេលមធ្យម។
លោក Lavaron បានមានបញ្ជាក់ទៀតថា សាធារណជនទូទៅមិនគួរព្រួយបារម្ភអំពីបំណុលសាធារណៈទេ ព្រោះការវិនិយោគយ៉ាងសកម្មរបស់រដ្ឋាភិបាលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្យាករពីកំណើនសេដ្ឋកិច្ចថៃនៅឆ្នាំក្រោយថា នឹងមាន ២,៧% ទៅ ៣,៧% កើនឡើងពីការព្យាករនៅឆ្នាំនេះ ដែលថា មានត្រឹមតែ២,៦%ប៉ុណ្ណោះ។ កំណើននេះ គឺត្រូវបានជំរុញដោយ ការវិនិយោគវិស័យរដ្ឋ និងឯកជន និងភាពប្រសើរឡើងនៃការនាំចេញ និងវិស័យទេសចរណ៍។
ជាមួយគ្នានេះ ចំនួនទេសចរបរទេស ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៤១លាន៨សែននាក់ នៅឆ្នាំក្រោយ ផ្ដល់ចំណូលប្រមាណ២,២ទ្រីលានបាត ឬស្មើប្រមាណ ៧៣ពាន់លានដុល្លារអាមេរិក ដែលចំនួនភ្ញៀវទេសចរនេះ កើនឡើងពី២៩លាន៨សែននាក់នៅឆ្នាំនេះ ដែលបានផ្ដល់ចំណូលប្រមាណជាង ៦៧ពាន់លានដុល្លារអាមេរិក។
រីឯការវិនិយោគឯកជនវិញ ត្រូវបានព្យាករថា នឹងកើនឡើង៤,២% នៅឆ្នាំក្រោយ កើនឡើង ពី២,៨% នៅឆ្នាំនេះ ជាមួយនឹងការពង្រីកការវិនិយោគរបស់រដ្ឋាភិបាល មាន៦,៥% កើនឡើងពី២,៣% នៅឆ្នាំនេះ។
ដោយឡែក ការនាំចេញវិញ ត្រូវបានរពឹងថា នឹងកើនឡើង២,៣% នៅឆ្នាំក្រោយ បន្ទាប់ពីមានការព្យាករធ្លាក់ចុះ២%នៅឆ្នាំនេះ៕