ក្នុងសន្និសីទស្តីពីអង្ករពិភពលោកលើកទី១៤ នៅខេត្តភូកេត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា រាល់ប្រទេសដែលនាំចូលអង្ករទាំងអស់ អាចទទួលបានការធានានូវតម្លៃ ដោយផ្អែកលើទីផ្សារតែមួយគត់។
លោក Jurin បានបញ្ជាក់ថា អង្កររបស់ថៃ គឺស្ថិតក្នុងចំណោមគ្រាប់ធញ្ញជាតិដ៏ល្អបំផុតក្នុងពិភពលោក ជាមួយនឹងជ័យជម្នះជាបន្តបន្ទាប់ ៧ដង ក្នុងចំណោមការប្រកួតប្រជែង ១៣ដង ដែលរៀបចំឡើងដោយស្ថាប័ន The Rice Trader មានមូលដ្ឋាននៅអាមេរិក។
រដ្ឋមន្រ្តីរូបនេះបន្តថា រដ្ឋាភិបាលប្តេជ្ញាពង្រឹងកេរ្តិ៍ឈ្មោះរបស់ថៃ ក្នុងនាមជាអ្នកផលិតអង្ករមានគុណភាពល្អបំផុត តាមរយៈផែនការយុទ្ធសាស្រ្តពីឆ្នាំ២០២០ ដល់ ២០២៤។
ផែនការនេះ គឺមានគោលដៅលើកតម្កើងប្រទេសថៃ ឱ្យក្លាយជាអ្នកដឹកនាំពិភពលោកក្នុងការផលិត និងផ្សព្វផ្សាយអង្ករប្រណីត។ ក្រោមផែនការនេះ ប្រទេសថៃចង់អភិវឌ្ឍអង្ករ ១២ប្រភេទថ្មីនៅត្រឹមឆ្នាំ២០២៤ ដើម្បីជំរុញការប្រកួតប្រជែង។
កាលពីខែកញ្ញាកន្លងទៅ មានសេចក្តីរាយការណ៍ថា ប្រទេសថៃ និងវៀតណាម បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ក្នុងការបង្កើនតម្លៃអង្ករ ដែលផលិតក្នុងស្រុក នៅទីផ្សារសាកល ដោយសារតែថ្លៃដើមសម្រាប់ចំណាយលើការដាំដុះស្រូវកើនឡើងសម្រាប់កសិករ។ ប៉ុន្តែ ១ខែក្រោយមក វៀតណាមបានច្រាលនូវសេចក្តីរាយការណ៍ទាំងនោះ។
បើយោងតាមលោក Le Minh Hoan រដ្ឋមន្រ្តីក្រសួងកសិកម្មវៀតណាម បានឱ្យដឹងថា ក្រសួងកសិកម្មប្រទេសទាំងពីរ គឺគ្រាន់តែបានធ្វើសកម្មភាពសហការគ្នាទូទៅតែប៉ុណ្ណោះ។
សូមជម្រាបថា បើបូកបញ្ចូលគ្នារវាងប្រទេសថៃ និងវៀតណាម គឺមានរួមចំណែក ១០% នៃការផលិតអង្ករសាកល និង ២៦% នៃការនាំចេញអង្ករសាកល។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក។
គួរដឹងដែរថា ថៃជាប្រទេសផលិតអង្ករធំបំផុតទីបួនក្នុងពិភពលោក ដែលមានការប្រមាណ ២០លានតោន តាមពីក្រោយ ចិន ១៤៧លានតោន ឥណ្ឌា ១២៤លានតោន និងវៀតណាម ២៧លានតោន។ ការនាំចេញអង្កររបស់ថៃនៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងឈានដល់ ៧លាន៥៥សែនតោន កើនឡើងពីជាង ៦លានតោន ដែលបាននាំចេញកាលពីឆ្នាំមុន៕
អត្ថបទ៖ នៅ សំភី