គំនិតអាជីវកម្ម

ឌិន សុមេធារិទ្ធ៖ បើចង់ក្លាយជាសហគ្រិន អ្នកត្រូវដើរច្រើន សង្កេតច្រើន និងរៀនឲ្យបានច្រើន


«បើអ្នកចង់ក្លាយជាសហគ្រិន អ្នកត្រូវដើរឲ្យបានច្រើនទាំងស្រុកខ្មែរ និងស្រុកក្រៅ សង្កេតឲ្យបានច្រើន និងរៀនឲ្យបានច្រើនទាំងសាលា និងក្រៅសាលា។ រៀនច្រើនមិនមែនឲ្យរៀនដល់បណ្ឌិតអីទេ តែរៀនឲ្យបានខ្ពស់ៗទៅ ទើបមានការវិភាគស៊ីជម្រៅ»។ នេះជាការអត្ថាធិប្បាយរបស់លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា។
លោក ឌិន សុមេធារិទ្ធ ជា​ម្ចាស់​គម្រោង​វិនិយោគ​បង្កើត​ «ភូមិ​ផ្កា​ត្រកួន»។
ដោយ

ក្នុងបទសម្ភាសខ្លីជាមួយសារព័ត៌មានខេមបូណូមីស លោក ឌិន សុមេធារិទ្ធ បានពន្យល់ថា នៅពេលយើងដើរ សង្កេត រៀន និងធ្វើការងារច្រើន គឺជាកត្តាជំរុញឲ្យយើងមានបទពិសោធជោកជាំ និងមានគំនិតបើកអាជីវកម្ម។   

លោកពន្យល់យ៉ាងដូច្នេះថា៖  «នៅពេលយើងមានបទពិសោធ នឹងធ្វើឲ្យយើងយល់បានស៊ីជម្រៅ កាលណាយើងអត់មានបទពិសោធ យើងអត់បានយល់ស៊ីជម្រៅទេ ដែលធ្វើឲ្យយើងពិបាកក្នុងការបង្កើតអ្វីមួយ។ ហើយបទពិសោធនេះ ធ្វើឲ្យយើងបង្កើតបានបណ្ដាញច្រើន ដែលងាយស្រួលក្នុងការរកស៊ី។ ដូចខ្ញុំបង្កើត ភូមិផ្កាត្រកួនចឹង អ្នកទិញភាគច្រើន គឺមិត្តភក្តិទាំងអស់ហ្នឹង»។

លោកបន្តថា៖ «ហេតុអ្វី ខ្ញុំបង្កើតភូមិផ្កាត្រកួន? អាហ្នឹង គេហៅថា គំនិតអាជីវកម្ម។ អាហ្នឹងធំជាងគេបង្អស់ កាលណាគំនិតយើងខុស គឺខុសហើយ កាលគំនិតយើងត្រូវ យើងធ្វើដើរហើយ។ ខ្វះអី អ្នកពុំដីឡូតិ៍លក់ តែលក់មិនដាច់ ដោយសារ គំនិតគាត់អត់ត្រូវ គាត់ស្រមៃតែម្នាក់ឯងថាត្រូវ តែវាមិនត្រូវ។ អ្នកខ្លះឃើញខ្ញុំបង្កើតគម្រោងនេះ គេសើច គេថា ដីម៉ាគគោក ទុកបឹងប៉ុនណាណីចោល តែគំនិតខ្ញុំៗចង់ធ្វើចឹង ដើម្បីឲ្យមនុស្សចង់ទិញ ចង់នៅហ្នឹង ចង់សប្បាយនៅហ្នឹង ខ្ញុំចំណេញតិចតួចមែន តែខ្ញុំបានកេរ្តិ៍ឈ្មោះក្នុងអាជីវកម្ម…»។ 

លោកបន្ថែមទៀតថា អ្នកខ្លះមានគំនិត តែអត់លុយ ខណៈខ្លះទៀត មានលុយហើយ តែមិនហ៊ាន។  បើអ្នកចង់ក្លាយជាសហគ្រិន ត្រូវមានភាពក្លាហាន និង គំនិតស្រមើលស្រមៃខ្ពស់។ លើសពីនេះ អ្នកត្រូវមានអត្តចរិតជាសហគ្រិនភាព ពោល គឺត្រូវចេះរកលុយ និងបង្កើតលុយ។

លោកបន្តថា៖ «គន្លឺះមួយទៀត ដើម្បីក្លាយជាសហគ្រិន ត្រូវឧស្សាហ៍សួរគេអ្នកចេះ។ គំនិតអាជីវកម្ម គឺយើងអ្នកបង្កើត ប៉ុន្តែ គំនិតក្នុងការគ្រប់គ្រង យើងត្រូវជួលគេដែលជាមនុស្សពូកែមកគ្រប់គ្រង Sell ឬ Marketing យើងជួលមនុស្សពូកែផ្នែកហ្នឹងមកជួយយើង ផ្នែកFinance យើងរកគេពូកែផ្នែកហ្នឹងមកជួយយើង»។ 

ក្នុងវ័យ៤៥ឆ្នាំ លោក ឌិន សុមេធារិទ្ធ ត្រូវបានមហាជនទទួលស្គាល់ថា ជាវិនិយោគិនដែលស្មោះត្រង់ និងមានផែនការវែងឆ្ងាយ។ លោកអះអាងថា  ការធ្វើជាសហគ្រិន នឹងជួបឧបសគ្គជាច្រើន ដែលទាមទារឲ្យអ្នកត្រូវមានការតស៊ូ និងខំប្រឹងប្រែងជំនះលើបញ្ហានានា ដើម្បីទទួលបានជោគជ័យទៅថ្ងៃខាងមុខ។ មួយវិញទៀត កេរ្តិ៍ឈ្មោះ ពិតមានសារសំខាន់ខ្លាំងណាស់ ពីព្រោះ វាជាការបង្កើតនូវភាពជឿជាក់ ដែលវាជាជំនួញដ៏យូរអង្វែង៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​ជាង​គេ​ទាំង​១០​នៅ​កម្ពុជា

ព័ត៌មាន
ការ​អភិវឌ្ឍ​សំណង់​អគារ​នៅ​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ កំណើន​អគារ​ខ្ពស់ៗ​ទ...

លោក ឌិន សុមេធារិទ្ធ៖ ខ្ញុំមិនយកមនុស្សចេះពេក មកធ្វើការជាមួយខ្ញុំនោះទេ!

ព័ត៌មាន
ការជ្រើសរើសមនុស្សមកធ្វើការងារជាមួយ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន។ សម្រាប់ លោក ឌិន សុមេធារិទ្ធ នាយកប្រតិបត្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ