យ៉ាងណាមិញ នៅថ្ងៃទី ០១ វិច្ឆិកានេះ គឺជាថ្ងៃដំបូងនៃការបើកដំណើរការទទួលទេសចរបរទេសពីប្រទេសទាំងនេះ ដោយគេសង្កេតឃើញថា នៅបើកដំបូងនេះ បរិយាកាសនៅព្រលានយន្តហោះរបស់ថៃ គឺមានភាពវិជ្ជមានច្រើនទាំងចំនួនភ្ញៀវធ្វើដំណើរចូល និងការគ្រប់គ្រងនានា។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ជើងហោះហើរដំបូងទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិនៅក្នុងថ្ងៃដំបូងនេះ គឺជើងហោះពីទីក្រុងតូក្យូ ដោយមានអ្នកដំណើរបរទេស ១១ នាក់ និងជនជាតិថៃ ៣២ នាក់។ អ្នកដំណើរទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យកូវីដ១៩យ៉ាងតឹងរ៉ឹង ដោយបុគ្គលិកព្រលានយន្តហោះ ព្រមទាំងបានត្រួតពិនិត្យឯកសារធ្វើដំណើររបស់ពួកគេផងដែរ។
អ្នកគ្រប់គ្រងទូទៅអាកាសយានដ្ឋានសុវណ្ណភូមិ បាននិយាយថា ជើងហោះហើរសរុបចំនួន ៦១ជើង បានមកដល់នៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលភាគច្រើនមកពីអឺរ៉ុប ដោយមានអ្នកដំណើរប្រហែល ៣ ពាន់នាក់ ក្នុងនោះ មានជនបរទេសចំនួន ២ ពាន់ ៣រយនាក់។
អ្នកគ្រប់គ្រងព្រលានយន្ដហោះរូបនេះបន្តថា លោកពេញចិត្តនឹងដំណើរការនេះណាស់ ព្រោះបរិយាកាសនៅព្រលានយន្តហោះ ហាក់មានភាពវិជ្ជមានឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនខែមកហើយនោះ។ ទោះយ៉ាងណាមិញ លោកបារម្ភអំពីបញ្ហាមួយ ដោយសារអ្នកដំណើរចាប់ផ្ដើមកើនឡើងច្រើន ដូចនេះធ្វើឱ្យមានការកកស្ទះនៅស្ថានីយ៍ត្រូតពិនិត្យ ដែលមន្ត្រីត្រូវពិនិត្យឯកសារចាក់វ៉ាក់សាំងរបស់អ្នកដំណើរ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn បាននិយាយថា នៅចន្លោះថ្ងៃចន្ទដល់ថ្ងៃសុក្រក្នុងសប្ដាហ៍ដំបូងនេះ ជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ នឹងមកដល់ និងចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរសរុបប្រមាណ ១ម៉ឺន ៥ពាន់នាក់ ។
សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ ជើងហោះហើរអន្តរជាតិចំនួន ៨២៥ជើង ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៧ គ្រោងនឹងមកដល់កោះភូកេតក្នុងខែវិច្ឆិកា បើធៀបនឹងជើងហោះហើរចំនួន ៥៦២ជើង ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ នៅក្នុងខែតុលាកន្លងទៅនេះ។ ទន្ទឹមនេះ ប្រតិបត្តិករទេសចរណ៍នៅកោះភូកេតក៏រំពឹងផងដែរថា ការបើកដំណើរការឡើងវិញ នឹងទទួលបានអ្នកដំណើរ ១ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយ៕
អត្ថបទ៖ ស៊ើង និមល់