ក្រុមហ៊ុន Facebook, Youtube និង Tiktok នៅតែជាក្រុមហ៊ុន ដែលទទួលបានការផ្សព្វផ្សាយតាមឌីជីថលច្រើនជាងគេនៅប្រទេសថៃ ខណៈដែលក្រុមហ៊ុនដែលផ្សព្វផ្សាយលើបណ្ដាញនេះវិញភាគច្រើន ជាក្រុមហ៊ុនលក់យាន្ដយន្ដ ក្រុមហ៊ុនភេសជ្ជមិនមានជាតិស្រវឹង និងក្រុមហ៊ុនលក់គ្រឿងសម្អាងជាដើម។
លោកស្រី Arpapat Boonrod នាយកគ្រប់គ្រងក្រុមហ៊ុន Kantar Thailand បាននិយាយថា ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលអាចកើនឡើង ៩% ដោយមានទំហំទឹកប្រាក់កើនដល់ ៨០០លានដុល្លារក្នុងឆ្នាំ ២០២២។ កំណើននេះហាក់នឹងយឺតជាងឆ្នាំមុនដែលធ្លាប់មាន១៨% ត្បិតថា ការព្យាករមានការប្រុងប្រយ័ត្នខ្ពស់ ដោយផ្អែកលើកត្តាសេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោកស្រី Arpapat បានបន្តថា ការចំណាយលើការផ្សាយពាណិជ្ជកម្មឌីជីថលរបស់ប្រទេសថៃមានត្រឹមតែប្រមាណ ៨០លានដុល្លារប៉ុណ្ណោះ កាលពីឆ្នាំ ២០១២ បន្ទាប់មកវាបានកើនឡើងជាបន្ដបន្ទាប់ជាមួយកំណើនប្រចាំឆ្នាំជាង ២៧% រហូតដល់ឆ្នាំ ២០២១។ ទោះបីជាមានការរាតត្បាតកូវីដ១៩ក៏ដោយ តែការចំណាយផ្សព្វផ្សាយតាមប្រព័ន្ធឌីជីលនៅតែកើនឡើង ១៨% ដោយមានទំហំទឹកប្រាក់ ៧៣៥លានដុល្លារក្នុងឆ្នាំ ២០២១។
សូមជម្រាបថា ការកើនឡើងនេះ ដោយសារតែអ្នកប្រើប្រាស់កាន់តែមានទំនាក់ទំនងគ្នាច្រើនតាមប្រព័ន្ធអនឡាញ មានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពាណិជ្ជកម្មអេឡិចត្រូនិក វីដេអូអនឡាញ និងការកម្សាន្តដូចជា ការលេងហ្គេម ខណៈកត្តាអំណោយផលមួយទៀតគឺរីកចម្រើននៃ វិស័យអ៊ីនធឺណិតបានកើនឡើង ដូចជាការពង្រីកបណ្ដាញ 5Gជាដើម។
ជាក់ស្ដែងយោងតាមការសិក្សាមួយបង្ហាញថា Facebookនៅតែជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលទាក់ទាញការវិនិយោគច្រើនបំផុត ដែលស្មើនឹងជិតមួយភាគបីនៃការចំណាយនៅក្នុងឧស្សាហកម្មឌីជីលសរុបក្នុងឆ្នាំ ២០២១។ ខណៈ YouTube ជាប់ចំណាត់ថ្នាក់លេខ ២ ដែលទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មតាមឌីជីលច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ ជាមួយនឹងចំណែកទីផ្សារ ១៧% ។ ដោយឡែក វេទិកាវីដេអូខ្លី TikTok មានកំណើនយ៉ាងគំហុកដល់ទៅ ៦៥៤% នៅក្នុងការចំណាយលើប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំមុន ហើយក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង ២៦% នៅឆ្នាំនេះ។
យ៉ាងណាមិញ ការចំណាយលើការផ្សាយពាណិជ្ជកម្មលើពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥៨% និងទីផ្សារដែលពាក់ព័ន្ធផ្នែកនេះត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤១% ក្នុងឆ្នាំ២០២២នេះ។
កាលពីឆ្នាំមុនេះ ការផ្សព្វផ្សាយលើបណ្ដាញឌីជីថលនៅប្រទេសថៃ គឺអាជីវកម្មយានយន្ដ បានចំណាយផ្សព្វផ្សាយច្រើនជាងគេបំផុត ដោយមានទំហំទឹកប្រាក់ដល់ប្រមាណ ៨៦លានដុល្លារអាមេរិក តាមពីក្រោយដោយក្រុមហ៊ុនផលិតភេសជ្ជៈមិនមែនគ្រឿងស្រវឹងដែលមានការចំណាយផ្សព្វផ្សាយ៨០លានដុល្លារ, ក្រុមហ៊ុន បណ្ដាញទំនាក់ទំនងចំណាយប្រមាណ ៧៧លានដុល្លារ និងក្រុមហ៊ុនគ្រឿងសម្អាងថែរក្សាស្បែកមានការចំណាយផ្សព្វផ្សាយឌីជីថលនេះ ៦៥លានដុល្លារអាមេរិក៕
អត្ថបទ៖ ស៊ើង និមល់