បញ្ហាក្ដៅៗ ដែលត្រូវជជែកនៅក្នុងកិច្ចប្រជុំនេះ គឺមិនអាចរំលងបានឡើយ ទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា និងការប្រជែងឥទ្ធពលនៃមហាអំណាចអាមេរិក និងចិន ដែលកំពុងប្រទាញប្រទង់គ្នាខ្លាំងនៅក្នុងតំបន់ រួមទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាប្រឈមជាអន្តរជាតិផ្សេងៗទៀតផងដែរ។
ការកើនឡើងនៃក្ដីបារម្ភជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍កន្លងទៅ ដែលមានការវាយប្រហារលើក្បួនរថយន្ដមន្ត្រីការទូតប្រចាំតំបន់អាស៊ាននៅក្នុងបេសកកម្មផ្ដល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ានោះ គឺស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមធំមួយរបស់អាស៊ាន សម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល ដែលបានចាប់ផ្ដើមឡើងនៅថ្ងៃពុធទី ១០ខែឧសភានេះ។
ប្រធានបទផ្សេងទៀត ដែលនឹងពិភាក្សាដោយមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន គឺនឹងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាឲ្យបាននូវមជ្ឈភាពអាស៊ាន នៅចំពេលដែលមានការប្រកួតប្រជែងឥទ្ធិពលកាន់តែខ្លាំងក្លារវាងមហាអំណាចចិន និងអាមេរិកនៅក្នុងតំបន់។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំនេះ បាននិយាយនៅក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី ១០ ខែឧសភាថា ការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាចនាពេលនេះ កំពុងមានភាពស្រួចស្រាល់កាន់តែខ្លាំង ហើយថាមវន្ដសាកលកាន់តែមិនអាចទាយទុកជាមុនបានឡើយ។
លោក Joko បានស្នើដោយចោទសួរទៅកាន់មេដឹកនាំអាស៊ានថា តើអាស៊ានគួរតែធ្វើជា អ្នកឈរមើល ស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ឬក៏ជាអ្នកដែលជំរុញឲ្យមានសន្ដិភាព និងកំណើន?
ប្រធានប្ដូរវេនអាស៊ានរូបនេះ បានអះអាងដោយជឿជាក់ថា អាស៊ាន នឹងអាចធ្វើបានក្នុងការជំរុញឲ្យមានសន្ដិភាព និងកំណើន ប៉ុន្ដែ បញ្ហាគន្លឹះ គឺនៅត្រង់ការរួបរួមគ្នា ហើយអាស៊ាននឹងក្លាយជាតួអង្គកណ្ដាលក្នុងការនាំមកនូវសន្ដិភាព និងការរីកចម្រើន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ក៏ដូចជាកិច្ចប្រជុំកំពូលមុនៗដែរ គឺប្រទេសមីយ៉ាន់ម៉ាមិនមានវត្តមានក្នុងកិច្ចប្រជុំនោះឡើយ៕