ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តមួយ នៅក្នុងខេត្តកំពង់ស្ពឺ នាពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីវឌ្ឍនៈភាពនិងភាពរីកចម្រើនក្នុងវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការសម្លឹងឃើញឱកាសវិនិយោគរបស់វិនិយោគិន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា នារយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម សុខ ចិន្ដាសោភា បានគូសបញ្ជាក់ថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឲ្យមានការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន។
ជាមួយគ្នានេះ ឯកឧត្តមបានកត់សម្គាល់ឃើញថា នៅរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ក្រុមវិនិយោគិនទាំងក្នុងស្រុក និងវិនិយោគិនបរទេស កាន់តែបង្ហាញការចាប់អារម្មណ៍ខ្លាំង លើការវិនិយោគនៅតាមបណ្ដាខេត្តផ្សេងៗដែលជាកន្លែងប្រមូលផ្ដុំដោយមនុស្សម្នា ដូចនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ជាដើម។
បើតាមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅអំឡុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ប្រមាណ ៦០% ឯណោះ នៃគម្រោងដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្ដាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ក៏បានកត់សម្គាល់ឃើញដែរថា បច្ចុប្បន្ន ក្រុមវិនិយោគិនហាក់កាន់តែសម្លឹងឃើញឱកាសវិនិយោគនៅតាមបណ្ដាខេត្តនានាច្រើនជាងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិតប្រាកដមែន។ កត្តាដែលធ្វើឲ្យក្រុមវិនិយោគិនងាកទៅរកការវិនិយោគនៅតាមបណ្ដាខេត្តនានាវិញ គឺដោយសារតែ បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្ដាខេត្ត កាន់តែមានលក្ខណៈល្អប្រសើរ មិនចាញ់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នោះទេ។ ម្យ៉ាងវិញទៀត ការដឹកជញ្ជូនទំនិញពីទីតាំងនៅតាមបណ្ដាខេត្ត ទៅកាន់កំពង់ផែ ហាក់មិនមានលក្ខណៈស្មុគស្មាញច្រើន មានតម្លៃដឹកជញ្ជូនទាប ថែមទាំងគ្មានការកកស្ទះចរាចរណ៍ ដែលធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញទៀតផ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ក៏បានកត់សម្គាល់ទៀតថា ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន និងមានសក្ដានុពលកាន់តែខ្លាំង ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការខិតខំប្រឹងប្រែងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចរបស់រដ្ឋាភិបាល ទោះបីប្រទេសប្រឈមនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដោយចុះ។
សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិកម្ម សរុបចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ៕