សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ!


ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ដោយឡែក ទាក់ទិននឹងខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក មាន១០១មាត្រា ដែលមានគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រូបភាព៖ SPM page

កិច្ចប្រជុំគណរដ្ឋមន្រ្តី ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ដូចជា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង បញ្ហាផ្សេងៗ។ ក្នុងនោះ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបាន​គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងហើយ។

ចំណូលមិនមែនសារពើពន្ធ មានវិសាលភាពធំទូលាយ និងមានប្រភពចំណូលបានមកពីវិស័យ និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។ បើតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ការប្រមូលពន្ធមិនមែនសារពើពន្ធ អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេចបានជាមធ្យមប្រមាណជាង ២% នៃផលិតផលក្នុងស្រុកសរុប និងបានរួមចំណែកប្រមាណ ១៤% នៃចំណូលចរន្តសរុប។ ដោយឡែក នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ២% នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥%។ ខណៈ នៅឆ្នាំ២០២១ សម្រេចបានប្រមាណ ១,៥% នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុប្រមាណ ២០%។ ទន្ទឹមនេះ សម្រាប់ផែនការឆ្នាំ២០២២ ចំណូលមិនមែនសារពើពន្ធ ត្រូវបានគ្រោងប្រមាណ ១,៥% នៃផ.ស.ស មានការថយចុះ ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។

ទោះបីចំណូលមិនមែនសារពើពន្ធ ដើរតួនាទីយ៉ាងសំខាន់ ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញ ក្នុងការគ្រប់គ្រង និងការប្រមូលមិនទាន់​អស់សក្ដានុពល ដោយសារពុំទាន់មានក្របខ័ណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឱ្យការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធអសក្ដានុពល និងប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឡើយ។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព សក្ដិសិទ្ធិភាព ក្នុងការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធឲ្យអស់សក្ដានុពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតឧបករណ៍មួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងក្របខ័ណ្ឌនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌឌីជីថល រួមមាន៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ប្រព័ន្ធទូទាត់អេឡិចត្រូនិក សម្រាប់បង់ចំណូលមិនមែនសារពើពន្ធ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ, សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងសេចក្ដីព្រាងឯកសារគោល ស្ដីពីការកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

ក្នុងន័យខាងលើនេះ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពេញលេញ ដែលជាការធ្វើបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ គោលការណ៍ វិធាន និងនីតិវិធី និងការបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដែលបានដកស្រង់បទពិសោធន៍នៃការអនុវត្តកន្លងមក ក៏ដូចជា បទពិសោធន៍នៃឧត្តមានុវត្តអន្តរជាតិ ជាពិសេសពង្រឹងសិទ្ធិអំណាច ការបែងចែក ការទទួលខុសត្រូវ ភាពប្រទាក់ក្រឡាគ្នាពេញលេញ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពប្រមូលចំណូល៕




អត្ថបទបន្ទាប់


មេទ័ពចិនព្រមានមេទ័ពកំពូលរបស់សហរដ្ឋអាមេរិកពី «ការបង្ករឿងតាមតែអពើចិត្ត» ដែលអាចធ្វើឲ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យណាមួយ

មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់ប្រទេសចិន បានព្រមានសមភាគីអាមេរិក ដែលជាមេទ័ពកំពូលម្នាក់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «ការបង្កហេតុតាមតែអំពើច…

សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានជាង ៥០០ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារ

សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៥១៥ ក្រុមហ៊ុន និងអាជីវកម្មហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ