ថ្លែងនាឱកាសដាក់ឲ្យដំណើរការសៀវភៅ«Beyond Borders,Beyond Banking» នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា នេះជាសៀវភៅទី២ហើយ ដែលធនាគារអេស៊ីលីដា បានរៀបចំចងក្រងពីជីវប្រវត្តិ និងវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ខណៈសៀវភៅទី១ មានចំណងជើងថា«When there was no money»។ បើតាមបណ្ឌិត អ៊ិន ចាន់នី នៅមុនទស្សវត្សន៍ឆ្នាំ១៩៩០ វិស័យហិរញ្ញវត្ថុ និងធនាគារ ហាក់មិនទាន់មានការរីកចម្រើនខ្លាំងនោះទេ ក៏ប៉ុន្តែ ចាប់ពីទស្សវត្សន៍ឆ្នាំ៩០ រហូតដល់ឆ្នាំ២០០៣ វិស័យនេះ ចាប់ផ្ដើមរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ប្រការនេះ បានធ្វើឲ្យធនាគារ អេស៊ីលីដា សម្រេចបោះពុម្ពផ្សាយសៀវភៅភាគ២ របស់ខ្លួន ដែលមានឈ្មោះថា «Beyond Borders,Beyond Banking» ជាការនិពន្ធរបស់លោកស្រី Heather A. Clark ជនជាតិអាមេរិកាំង។
ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា បានបោះពុម្ពសៀវភៅ «Beyond Borders,Beyond Banking» ចំនួន៣ម៉ឺនក្បាល សម្រាប់សិស្ស និស្សិត ក៏ដូចជា សម្រាប់លក់នៅលើទីផ្សារដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងវិនិយោគិនបរទេស អាចស្វែងយល់បន្ថែមពីវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ក្នុងនាមជាអ្នកនិពន្ធសៀវភៅ «Beyond Borders,Beyond Banking» លោកស្រី Heather A. Clark បានគូសបញ្ជាក់ថា វិស័យធនាគារនៅកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ម្យ៉ាងវិញទៀតច្បាប់ពាក់ព័ន្ធក្នុងវិស័យធនាគារនៅកម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលធ្វើឲ្យលោកស្រីសម្រេចចំណាយពេលវេលាជាង ២ឆ្នាំ ក្នុងការសរសេរសៀវភៅនេះ។ លោកស្រី Heather A. Clark ក៏បានគូសបញ្ជាក់ទៀតថា សៀវនេះ មានអត្ថប្រយោជន៍ជាច្រើនដល់សាធារណជនអាចស្វែងយល់ពីច្បាប់ស៊ីជម្រៅ នៅក្នុងវិស័យធនាគារនៅកម្ពុជា ពិសេសវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុបរហូតដល់ជិត៨ពាន់លានដុល្លារ កើនឡើងជិត២០% ធៀបនឹងឆ្នាំ២០២០។ សមតុល្យឥណទានសុទ្ធ កើនឡើងជាង២០% មានរហូតដល់ជាង៥ពាន់លានដុល្លារ ខណៈសេវាបញ្ញើ-សន្សំមានជាង៥ពាន់៧រយលានដុល្លារ កើនប្រមាណ ២៤%។ រីឯ ប្រាក់ចំណេញសុទ្ធរបស់អេស៊ីលីដាកាលពីឆ្នាំ២០២១ វិញមានដល់ទៅជាង១៦៦លានដុល្លារអាមេរិក៕