តម្លៃដីបឹង ដីស្រែប្រែក្លាយជាដីមាស ដីពេជ្រ មួយប៉ប្រិចភ្នែក មិននឹកស្មានដល់ បានធ្វើឲ្យអ្នកមានលទ្ធភាពល្មមៗ មានលុយស្ទើរមុខ ស្ទើរក្រោយ ពិបាកនឹងលូកដៃ ឈានជើងចូលទិញដីនៅជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនោះណាស់ ដ្បិតដីនៅម្តុំគម្រោងនោះ ត្រូវបានអ្នកមានអំណាច មហាសេដ្ឋីគ្រាក់ ទិញទុកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
បើតាមក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong ធ្លាប់បានធ្វើការវាយតម្លៃប្រាប់ ខេមបូណូមីស ថា តម្លៃដីធ្លីក្បែរតំបន់នោះចាប់ផ្តើមឡើងថ្លៃខ្លាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលតម្លៃដីធ្លី មុនគម្រោងព្រលានយន្តហោះមកបោះទីតំាងម្តុំនោះ ជាមធ្យមមានតម្លៃ ៥០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែឥឡូវបានកើនឡើងរហូតដល់ ៣០ ទៅ៤០ភាគរយហើយ។
រីឯដី្លធ្លីស្ថិតក្នុងតំបន់អភិវឌ្ឍន៍វិញ ក៏បានកើនឡើងតម្លៃពី ២ ទៅ ៣ដងឯណោះ។ តម្លៃនេះ គឺត្រូវបានតម្លើងតាមតែមាត់គ្នាប៉ុណ្ណោះ មិនមានតម្លៃគោលជាក់ច្បាស់នោះទេ ខណៈដែលភាគច្រើនដីធ្លីមួយចំនួនធំ នៅតំបន់នោះ ត្រូវបានទិញអស់ តាំងពីមុន គម្រោងព្រលានយន្តហោះថ្មីបានប្រកាសមកម្ល៉េះ។
តម្លៃដីធ្លីបានពុះកញ្ជ្រោលកាន់តែខ្លាំង មិនទាំងទាន់បានពីរបីខែស្រួលបូលផង ដំណឹងចចាមអារ៉ាមពីការផ្អាកគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានលេចចេញសាយភាយពេញបណ្តាញសង្គម។
ដំណឹងនេះមិនមែនជាដំណឹងធម្មតាឡើយ ប៉ុន្តែវាជាសារដ៏ព្រឺព្រូច ដែលបានចាក់ដោតដល់បេះដូងឈ្មូញគួកជេដីធ្លីតូចៗ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន ដែលបានលោតឆត្រទៅខ្ចីលុយពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារដើម្បីទៅទិញដី នៅតំបន់គម្រោងយន្តហោះអន្តរជាតិភ្នំពេញថ្មីនោះ ទុកលក់ចំណេញនៅក្នុងរយៈពេលខ្លី។ ប្រការនេះបានធ្វើឲ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ថានឹងអាចកើតមានបំណុលវ័ណ្ដកជាមួយម្ចាស់បំណុលធនាគារជាក់ជាមិនខានឡើយ។
ជាមូយនឹងការខ្ចីបុល ជំពាក់ធនាគារ ឬ ក៏មានលុយតិចតូច សម្រុកទៅទិញដីតាមៗគ្នាជារឿងដ៏គួរឲ្យព្រួយបារម្ភ។ សេដ្ឋីឡូជីស្ទីក ដឹកជញ្ជូន និង ពិសេសល្បីល្បាញនៅក្នុងការវិនិយោគវិស័យសំណង់ និង អចលនទ្រព្យ គឺ ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ធ្លាប់បានប្រកាសហើយថា សូមអ្នកទិញដីនៅតំបន់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមិនចង់មានការស្ដាយក្រោយ ឬ លង់ខ្លួនទៅថ្ងៃក្រោយ ពីព្រោះដីដែលកាន់តែកៀកនឹងព្រលានយន្ដហោះ នឹងតម្រូវឲ្យមានលក្ខខណ្ឌសម្រាប់អភិវឌ្ឍន៍កាន់តែច្រើន។
នៅពេលដំណឹងផ្អាកសាងសង់បានរលត់ផុតទៅអស់រយៈពេលប្រមាណ ជាមួយខែ ដំណឹងថ្មីមួយទៀតបានលេចចេញឡើងមកភ្លែត ដំណឹងចុងក្រោយនេះ គេអាចចាត់ទុកថា ជាដំណឹងលង់ខ្លួន ឬ អាចឲ្យរហស្សនាមថា ដំណឹងពិឃាត អ្នកមានលុយតិច ឬ អ្នកខ្ចីលុយធនាគារទាំងដុលទៅ ទិញដីតំបន់នោះទុកលក់ចំណេញ ស្ទើរគាំងបេះដូង និង ចងកទៅហើយមែនទេ?
យ៉ាងណាក៏ដោយចុះ ព័ត៌មានចចាមអារ៉ាមនៅលើបណ្តាញសង្គមថា គម្រោងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលត្រូវបានផ្អាក និង លុបចោលនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្រ្តីច្រានចោលត្រលប់ទៅវិញថា ជាព័ត៌មានបំប៉ោង មិនមានការពិតនោះទេ។ មន្ត្រីជាន់ខ្ពស់ដដែល បញ្ជាក់ទៀតថា ខាងគាត់ [ទីស្តីការគណៈរដ្ឋមន្ត្រី] មិនបានទទួលឯកសារ ឫ ព័ត៌មានជាផ្លូវការណាមួយ ដែលថាលុបចោលគម្រោងព្រលានយន្តហោះថ្មីដែរ។
ដូច្នេះ គម្រោងព្រលានយន្តហោះថ្មីដែលមានទំហំទឹកប្រាក់ប្រមាណ ១៥០០ លានដុល្លារ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងនៅតែដំណើរការទៅតាមផែនការ។ ជុំវិញទៅនឹងបញ្ហានេះដែរ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនបានដកស្រង់សំដីនៅថ្ងៃទី០៥ ខែ មិថុនាឆ្នាំ ២០១៨ នេះថា គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះដែរ។
លោក សិរីវុត្ថា ក៏បានបញ្ជាក់ថា ការជ្រើសរើសទីតាំងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលសម្រាប់គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ គឺ មានការសិក្សាគ្រប់ជ្រុងជ្រោយរួចស្រេចហើយ ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដដែលរូបនោះក៏ធ្លាប់បានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីខែមករាឆ្នាំ ២០១៨ កន្លងមកនេះដែរថា គម្រោងសាងសង់ព្រលានយន្តហោះ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ ពីព្រោះគម្រោងនេះ បានអនុម័តរួចរាល់ហើយ មានទីតាំង និងមានប្លង់ស្ថាបត្យកម្ម រង់ចាំតែពេលវេលា ចរចារវាង រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់នោះទេ។ គម្រោងសាងសង់ព្រលាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ដែលជាតំបន់វាលបឹងដ៏ធំល្វឹងល្វើយ ស្ថិតក្នុងគម្រោងប្លង់មេ ផ្លូវក្រវ៉ាត់ក្រុងទី៣។
សូមបញ្ជាក់ថា បើតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្ពុជានឹងមានព្រលានយន្តហោះទំហំ ២៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និង ឯកជន ។
ការវិនិយោគព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ បានទទួលទុនវិនិយោគពីកម្ចីធនាគារបរទេស ១១០០ លានដុល្លារសហរដ្ឋអាមេរិក កម្ចីពីភាគទុនពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ២៨០លានដុល្លារសហរដ្ឋអាមេរិក និង ដើមទុនចុះបញ្ជី ១២០លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងនោះ ទុនរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មាន៩០ភាគរយ ខណៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាមាន ១០ភាគរយ។
ជុំវិញទៅនឹងដំណើរការការសាងសង់ព្រលានយន្តហោះថ្មីនេះ តើវាសនាអនាគត ព្រលានមិនទាន់កើតចេញរូបរាងមួយនេះ នឹងរលាយបាត់ទៅវិញ ដោយសារពាក្យចចាមអារ៉ាមនេះមែនដែរ ឬយ៉ាងណា ហើយអ្នកមានលុយតិចតូច និង ខ្ចីបុលធនាគារ ទៅទិញដីធ្លីភ្លូកទឹកភ្លូកដី តាមៗគ្នាទាំងអស់នោះ នឹងអាចជៀសផុតពីគ្រោះកាចនេះទេ? យើងសុទ្ធតែមិនទាន់ដឹងច្បាស់ទាំងអស់គ្នានៅឡើយទេ? យើងរង់ចាំមើលទាំងអស់គ្នា ថាតើគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងអាចសម្រេចតាមផែនការដែលបានគ្រោងទុកដែរ ឬទេ? ៕