រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ តាមរយៈអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ


នៅក្នុងប្រទេសកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើនដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យលក់ដុំ លក់រាយ ជួសជុលយានយន្ត ដឹកជញ្ជូន និងស្តុកទំនិញ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ និងសេវាកម្មផ្សេងទៀត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងកំពុងផ្តល់អាទិភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ។
រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ

មន្រ្តីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ សម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

នៅក្នុងសិក្ខាសាលាស្ដីពី«ការលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ» នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងសាធារណៈ ក៏ដូចជា ការជំរុញឲ្យមានការចូលរួមពីវិស័យឯកជន ​គឺជាកិច្ចការដ៏សំខាន់ក្នុងការលើកកម្ពស់ធុរកិច្ចក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តមបានកត់សម្គាល់ឃើញថា នៅកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើន ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យលក់ដុំ លក់រាយ ជួសជុលយានយន្ត ដឹកជញ្ជូន និង ស្តុកទំនិញ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ និងសេវាកម្មផ្សេងទៀត ដូចជា បោកអ៊ុត កាត់សក់ និងកែសម្ផស្ស ជាដើម ដែលបានបង្កើតការងារធ្វើយ៉ាងច្រើនកន្លែង និងចំណូលជូនប្រជាជនកម្ពុជា។

លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពរបស់ធុរកិច្ចក្រៅប្រព័ន្ធក្នុងវិស័យផលិតកម្ម និងម្ហូបអាហារ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលទាមទារឲ្យមានការកែលម្អបន្ថែម។ បើតាមលោកជំទាវ កែវ មុំ បច្ចុប្បន្ន ស្ថានភាពនិងបញ្ហាប្រឈមសម្រាប់ធុរកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យផលិតកម្ម និងម្ហូបអាហារ រួមមាន ផលិតផលមិនមានស្ដង់ដារ អនាម័យផលិតផលនៅ​មានកម្រិត ទីកន្លែងលក់ដូរតូចចង្អៀតនិងនៅមានកម្រិត។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ដូរខ្លះមិនមានកន្លែងលក់ពិតប្រាកដ និងបន្តការលក់ដូរតាមបែបប្រណៃណី ដែលមិនអាចឲ្យពួកគាត់អាចពង្រីកអាជីវកម្មរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការធ្វើអាជីវកម្មដោយមិនមានការកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុ ក៏នៅតែទម្លាប់របស់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធមួយចំនួន ដែលបញ្ហាទាំងអស់នេះ នៅតែជាឧបសគ្គសម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធ។

យ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវមានគោលនយោបាយ យុទ្ធសាស្ត្រ រួមទាំងកម្មវិធី និងគម្រោង ព្រមទាំងការចូលរួមពីតួអង្គពាក់ព័ន្ធនានា។ ដោយឡែក ការលើកកម្ពស់សហគ្រិនភាព និងពង្រឹងសមត្ថភាពវិស័យឯកជន រួមទាំងធុរជន ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចូលរួមចំណែកសំខាន់ សម្រាប់អភិវឌ្ឍធុរកិច្ចក្រៅប្រព័ន្ធ។ ក្នុងន័យនេះ តួអង្គពាក់ព័ន្ធអាចអនុវត្តសកម្មភាពនានា ដើម្បីគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ ដូចជា ការប្រឹក្សាយោបល់ ការផ្តល់ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ការគ្របដណ្ដប់ការថែទាំសុខភាព ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយ:មូលនិធិសមធម៌​សុខាភិបាល ដែលរដ្ឋជាអ្នករាប់រងចំណាយទាំងស្រុង ផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម VinFast ប្រកាសប្រមូលយករថយន្ដ ៩៩៩គ្រឿងនៅអាមេរិកមកវិញ ក្រោយរកឃើញបញ្ហាសុវត្ថិភាព

ទើបតែដឹកជញ្ជូនរថយន្ដបាន២ជើង ចំនួនជិត ៣ពាន់គ្រឿងទៅកាន់ទីផ្សារអាមេរិក ប៉ុន្ដែថ្មីៗនេះ ក្រុមហ៊ុនវៀតណាម VinFast បានប្រកាស ប្រមូលរថយន្ដជើងដ…

សម្តេច ហ៊ុន សែន អះអាងថា ពិធីបើកបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឲ្យដូចព្រឹត្តិការណ៍ស៊ីហ្គេម

នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ