អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អះអាងថា បច្ចុប្បន្នវិស័យអចលនទ្រព្យចាប់ផ្ដើមមានសម្ទុះងើបឡើងវិញបណ្ដើរៗហើយ ប៉ុន្ដែភាគច្រើនជាអតិថិជន និងអ្នកវិនិយោគក្នុងស្រុកតែប៉ុណ្ណោះ ខណៈទីផ្សារពីក្រៅប្រទេសមិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅឡើយទេ។ ដោយឡែក បើយើងមើលទៅលើទីផ្សារផ្ទះល្វែង ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋវិញ ក៏ចាប់ផ្តើមមានចរន្តទិញលក់ល្អប្រសើរឡើងវិញផងដែរ។
ជុំវិញបញ្ហាទីផ្សារផ្ទះល្វែងនេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer បានសង្កេតឃើញថា បច្ចុប្បន្នទីផ្សារផ្ទះល្វែងមានសន្ទុះងើបឡើងវិញហើយ បើធៀបនឹងការលក់កាលពីពេលកន្លងមក។ ការស្ទុះងើបឡើងវិញនេះ គឺបន្ទាប់ពីចរន្តចំណូលរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងវិញ ក្រោយមានការបើកប្រទេសឡើងវិញពីសំណាក់រាជរដ្ឋាភិបាល ដែលធ្វើឲ្យពួកគេមានលទ្ធភាពកាន់តែខ្ពស់ក្នុងការទិញផ្ទះល្វែង។ ការសម្របសម្រួល និងចេះបត់បែនឲ្យស្របតាមកាលៈទេសៈ និងជីវភាពរបស់អតិថិជនពីសំណាក់ម្ចាស់គម្រោង ក៏ជាកត្តាធ្វើឲ្យទីផ្សារផ្ទះល្វែងមានភាពល្អប្រសើរផងដែរ។
ដោយឡេក លោកស្រី អាន ធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex កត់សម្គាល់ឃើញថា ទីផ្សារផ្ទះល្វែងហាក់មានការផ្លាស់ប្តូរនៅពីរបីឆ្នាំចុងក្រោយនេះ ពោលគឺនិន្នាការប្រើប្រាស់និងតម្រូវការផ្ទះល្វែងហាក់ពុំសូវទទួលបានការគាំទ្រខ្លាំងដូចពីមុននោះទេ។ លោកស្រីវាយតម្លៃថា ការធ្លាក់ចុះនេះ គឺបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ប្តូរផ្នត់គំនិតរស់នៅពីផ្ទះល្វែងទៅផ្ទះវីឡា និងការប្រកបអាជីវកម្មនៅតាមផ្ទះល្វែងទៅតាមផ្សារនានាជំនួសវិញ។ ការផ្លាស់ប្តូរផ្នត់គំនិតនេះ គឺបន្ទាប់ពីការប្រកបអាជីវកម្មនៅតាមផ្ទះល្វែងមិនមានដំណើរការល្អ និងមានការប្រកួតប្រជែងខ្លាំង ដោយផ្ទុយនឹងអ្វី ដែលពួកគេបានគិតកន្លងមកថា ទិញផ្ទះល្វែងបានទាំងកន្លងរស់នៅ និងកន្លែងប្រកបអាជីវកម្ម។
ពាក់ព័ន្ធបញ្ហាទីផ្សារផ្ទះល្វែងនេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបែងចែកតម្លៃផ្ទះល្វែងជាបីកម្រិត គឺកម្រិតមធ្យម ក្រោមមធ្យមនិងលើមធ្យម។ អ្នកជំនាញរូបនេះសង្កេតឃើញថា ផ្ទះល្វែងដែលមានតម្លៃមធ្យម និងក្រោមមធ្យមហាក់មានទីផ្សារល្អជាងផ្ទះដែលមានតម្លៃលើមធ្យម ដែលភាគច្រើនគេទិញ ដើម្បីទុកចំណេញ។ ប៉ុន្តែលោកអះអាងថា មិនមែនគ្រប់គម្រោងផ្ទះល្វែងសុទ្ធតែទទួលបានការគាំទ្រខ្លាំងនោះទេ ពោលគឺវាអាស្រ័យលើទីតាំងនិងលក្ខខណ្ឌនៃការបង់ប្រាក់របស់គម្រោងនីមួយៗ។
គួរជម្រាបថា វិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេលមានការបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារអ្នកលក់និងអ្នកទិញមិនអាចធ្វើដំណើរទៅជួបគ្នាបាន ដ្បិតការទិញអចលនទ្រព្យត្រូវមើលទីតាំងជាក់ស្តែង។ ប៉ុន្តែបច្ចុប្បន្នវិស័យអចលនទ្រព្យបានស្ទុះងើបឡើងវិញបណ្តើរៗហើយ ក្រោយរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច។ អ្នកជំនាញរំពឹងថា វិស័យអចលនទ្រព្យកម្ពុជានឹងមានការរីកចម្រើនខ្លាំងនៅឆ្នាំ២០២២ ជាមួយកំណើនសន្សឹមៗ៕