អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បាននិយាយថា ខេត្តភីតបុរី គឺមានករណីឆ្លងខ្ពស់ជាងគេ ដែលមានកម្មករដល់ទៅជាង៤ពាន់នាក់បានឆ្លង ក្នុងចំណោមខេត្តទាំង៤៩នៅទូទាំងប្រទេសថៃ។ រោងចក្រ ដែលមានករណីឆ្លងខ្លាំងជាងគេ គឺស្ថិតក្នុងវិស័យផលិតចំណីអាហារ បន្ទាប់មកគឺរោងចក្រផលិតគ្រឿងអេឡិចត្រូនិក, រោងចក្រកាត់ដេរ, រោងចក្រដែក និងរោងចក្រផ្លាស្ទិកជាដើម។
នៅទូទាំងប្រទេសថៃ មានរោងចក្រសរុបជាង៦ម៉ឺនរោងចក្រ ហើយក្នុងនោះ មានជិត២ម៉ឺនរោងចក្រ ត្រូវបានវាយតម្លៃសម្រាប់វិធានការគ្រប់គ្រងកូវីដ-១៩ ដោយក្នុងនោះ មានជិត៧០% បានឆ្លងផុតការត្រួតពិនិត្យលក្ខណៈវិនិច្ឆយពីសំណាក់អាជ្ញាធរ។
សូមបញ្ជាក់កថា សេដ្ឋកិច្ចថៃ គឺនៅតែពឹងផ្អែកខ្លាំងទៅលើការនាំចេញ ហើយបញ្ហាផ្ទុះកូវីដ-១៩ឆ្លងចូលក្នុងរោងចក្រនេះ ចង់ ឬមិនចង់ វាក៏ជាផ្នែកមួយធ្វើប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសដែរ។ យ៉ាងណាមិញ បញ្ហាកូវីដ-១៩ ដែលកំពុងរាត្បាតខ្លាំងនៅក្នុងប្រទេសថៃ ក៏កំពុងធ្វើឲ្យតម្លៃលុយបាតថៃមានការធ្លាក់ចុះខ្លាំង គឺក្នុងអត្រាមួយទាបបំផុតក្នុងរយៈពេល១៥ខែកន្លងមកនេះ ធៀបទៅនឹងលុយដុល្លារអាមេរិក នៅក្នុងទីផ្សារហាងឆេងប្ដូរបរទេស ខណៈដែលមេរោគបំប្លែងថ្មី ឌែលតា ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើងក្នុងប្រទេសថៃ ក៏កំពុងវាយបំបាក់ក្ដីសង្ឃឹមនៅក្នុងចំណោមវិនិយោគ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច និងការស្ដារវិស័យទេសចរណ៍ផងដែរ។
នៅសប្ដាហ៍មុននេះ តម្លៃលុយបានថៃ បានធ្លាក់ចុះមកនៅ ៣២,៩បាត ក្នុងមួយដុល្លារអាមេរិក ធ្លាក់ចុះ ១០% តាំងពីមានការកើនឡើងខ្ពស់នៅចុងឆ្នាំ២០២០។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ស្របពេលស្ថានភាពមេរោគឆ្លងរីករាលដាលកាន់តែខ្លាំង និងការដាក់ចេញវិធានការតឹងរ៉ឹង ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគ រាជរដ្ឋាភិបាលថៃ ក៏មានវិធានការជួយសង្គ្រោះពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ជាបន្ដបន្ទាប់ដែរ។ ទោះយ៉ាងណា ស្ថានភាពនាពេលនេះ ស្ថានប័នស្រាវជ្រាវសេដ្ឋកិច្ចជាច្រើន នៅតែយល់ឃើញថា សេដ្ឋកិច្ចថៃនៅឆ្នាំ២០២១នេះ នឹងមិនអាចមានដូចទៅនឹងអ្វីដែលបានព្យាករនោះទេ។ ជាក់ស្ដែង ធនាគារកណ្ដាលរបស់រដ្ឋថៃខ្លួនឯង ក៏បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចទាបជាងមុនដែរ ដោយកាលពីមុនធ្លាប់ព្យាករថា នឹងមានកំណើន ៣% ប៉ុន្ដែ ឥឡូវនេះ កែប្រែមកនៅត្រឹម១,៨% វិញ។ រីឯ អ្នកសេដ្ឋកិច្ចខ្លះទៀត ព្រមានពីសញ្ញាមួយចំនួនថា សេដ្ឋកិច្ចថៃ អាចនឹងមានស្ថានភាពអាក្រក់ដូចកាលពីឆ្នាំ២០២០។
អ្នកជំនាញផ្នែកម៉ាក្រូសេដ្ឋកិច្ចនៃធនាគារកណ្ដាលថៃ បានប៉ាន់ស្មានថា ការផ្ទុះរាលដាលកូវីដ១៩ បំប្លែងថ្មី ឌែលតា អាចនឹងអាចនឹងធ្វើឲ្យសេដ្ឋកិច្ចថៃរួញតូច០,៨% ប្រសិនបើមានការគ្រប់គ្រងបានល្អ និងអាចដកចេញនូវវិធានការបិទខ្ទប់បាននៅត្រឹមពាក់កណ្ដាលខែសីហានេះ ប៉ុន្ដែ ប្រសិនបើស្ថានភាពឆ្លងដូចសព្វថ្ងៃនេះ នៅតែបន្ដដល់ចុងឆ្នាំនេះ នោះកំណើនផលិតផលក្នុងស្រុករបស់ថៃ នឹងរួញទំហំ ២%។
សូមរំឭកថា កាលពីឆ្នាំ២០២០ សេដ្ឋកិច្ចថៃ មានការធ្លាក់ចុះ ឬរួញទំហំ ៦,១% ដែលជាតួលេខធ្លាក់ចុះមួយដ៏អាក្រក់បំផុត គិតតាំងពីអំឡុងឆ្នាំ១៩៩៧ ដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីមក៕