មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានលើកឡើងតាមរយៈរបាយការណ៍ថ្មីមួយថា ប្រសិនបើពពុះអចលនទ្រព្យចិនផ្ទុះឡើង ហើយបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុនោះ សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រហែល១%។ ប្រភពដដែលអះអាងថា ប្រសិនបើទីក្រុងប៉េកាំង មិនអាចដោះស្រាយបញ្ហាបានទេ នោះគោលដៅដែលខ្លួនបានកំណត់នៅឆ្នាំ២០៣៥ នឹងពិបាកសម្រេចបានតាមការរំពឹងទុកណាស់។
សារព័ត៌មាន Nikkei បានឱ្យដឹងថា នៅពេលនេះសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងតែប្រឈមនឹងការដាំក្បាលចុះ ដោយសារតែវិបត្តិក្នុងទីផ្សារអចលនទ្រព្យ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកនេះ។ សារព័ត៌មាននេះបានបន្តរាយការណ៍ថា ផែនការរបស់រដ្ឋាភិបាលចិន ក្នុងការពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអចលនទ្រព្យអាចដាក់បន្ទុកលើសលប់លើប្រព័ន្ធហិរញ្ញវត្ថុ។
ប្រភពដដែលព្រមានថា ការឆ្លើយតបខុសអាចបង្កគ្រោះថ្នាក់ ខណៈដែលពេលនេះការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ខុនដូ និងតម្លៃខុនដូអាចបណ្ដាលឱ្យខកខានការបង់កម្ចីធនាគារ ដែលជាលទ្ធផលនឹងបង្កឱ្យរីករាលដាលវិបត្តិហិរញ្ញវត្ថុនៅតាមធនាគារខ្នាតតូច និងមធ្យម។
នៅពេលនេះវិបត្តិកំពុងតែទាញវិបត្តិ ស្របពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀតនៅប្រទេសចិនកំពុងតែមានបញ្ហាផងដែរ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងផ្តល់អាទិភាពលើការសងបំណុលជាហេតុនាំឱ្យការហូរចេញនូវមូលធនចិនកើនឡើង ហើយប្រាក់យន់ នឹងធ្លាក់ថ្លៃបន្ថែមទៀត។
បើតាមការព្យាករ អត្រាកំណើនពិតប្រាកដរបស់ប្រទេសចិន នឹងមិនមានឡើយនៅឆ្នាំ២០២៧ ក្រោមសេណារីយ៉ូនេះ បើទោះបីជាមានការព្យាករថា ប្រទេសចិនអាចនឹងរក្សាកំណើនក្នុងរង្វង់៣,២%ក៏ដោយ ។ រហូតដល់ឆ្នាំ២០២៩ អត្រាកំណើននឹងធ្លាក់ចុះមកនៅក្រោម១,៥%។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានអះអាងថា ប្រសិនបើចិនមានបញ្ហាសេដ្ឋកិច្ច នោះវាក៏នឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចប្រទេសផ្សេងទៀតឱ្យធ្លាក់ចុះផងដែរ។ មកដល់ពេលនេះ ប្រទេសចិននៅតែព្យាយាម និងដាក់ចេញនូវគោលនយោបាយនានា ដើម្បីធានាថា នៅក្នុងឆ្នាំ២០៣៥ ប្រទេសចិនអាចនឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP)ទ្វេដង និងបង្កើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឱ្យដល់កម្រិតដូចក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ពោលគឺចន្លោះពី២ម៉ឺនដុល្លារទៅ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ គេបានព្យាករថា ប្រសិនបើស្ថានភាពនៅតែដូចបច្ចុប្បន្ន អត្រាកំណើនពិតប្រាកដរបស់ប្រទេសចិននឹងបន្តយឺត ដោយធ្លាក់ក្រោម៣%ក្នុងឆ្នាំ២០២៩ ហើយដល់ឆ្នាំ២០៣៥ នឹងបន្តថយចុះទៀតដល់២%៕
ដោយៈ សរ សុជាតិ