កត្តារាំងស្ទះនេះអាចធ្វើឲ្យការដាក់ឲ្យដំណើរការព្រលានយន្តហោះសៀមរាបអង្គរនេះ អាចយឺតជាងផែនការ ដែលគ្រោងធ្វើឡើងនៅអំឡុងខែតុលាខាងមុខនេះ ខណៈមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធនឹងវាយតម្លៃលើបញ្ហានេះនៅអំឡុងខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៦៣%ហើយ ក្រោយចំណាយពេលសាងសង់ជាង ២ឆ្នាំកន្លងមកនេះ។ លទ្ធផលនេះ ហាក់យឺតជាងអ្វី ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរំពឹងទុក ដែលរំពឹងសម្រេចបានប្រមាណ៧០%នៅត្រឹមដំណាច់ឆ្នាំ២០២២។ ភាពយឺតយ៉ាវក្នុងការសាងសង់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គឺដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា គួបផ្សំចិនដាក់ចេញវិធានការគ្មានកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារ និងបរិក្ខាមួយចំនួន និងការធ្វើដំណើរចេញចូលរបស់អ្នកជំនាញការជនជាតិចិន។
បញ្ហារាំងស្ទះទាំងនេះបានធ្វើឲ្យគម្រោងនៃការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិមួយនេះស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីក្រុមហ៊ុនអភិវឌ្ឍន៍បានប្តេជ្ញានឹងខិតខំពន្លឿនការសាងសង់យ៉ាងណាក្តី។ តាមគម្រោងព្រលានយន្តហោះនេះគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែតុលា ឆ្នាំ២០២៣ នេះ។ ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងថា គម្រោងនៃការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិនេះអាចមានការផ្លាស់ប្តូរ ខណៈថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាងសង់បានឯកភាពគ្នា នឹងវាយតម្លៃកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការឡើងវិញនៅអំឡុងខែមីនា ឆ្នាំ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាដោយគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ គម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំមានការប្រែប្រួល និងផលប៉ះពាល់អ្វីកើតឡើងជាយថាហេតុ៕