ភ្ញៀវទេសចរចិន ជាច្រើននាក់ បានសម្រេចលុបចោលដំណើរកម្សាន្តរបស់ពួកគេមកកាន់ប្រទេសថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាចុងខែមករា នេះ ហើយភ្ញៀវទេសចរខ្លះបានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេនៅលើបណ្តាញសង្គម បន្ទាប់មានករណីបាត់ខ្លួនតារាសម្តែងចិន វ៉ាង ស៊ីង កាលពីពេលថ្មីៗ។ ទោះបីលោក វ៉ាង ជាតារាសម្តែងមិនសូវល្បីនៅប្រទេសចិន ក៏ដោយ តែដំណឹងនៃការបាត់ខ្លួនរបស់លោកត្រូវបានផ្សព្វផ្សាយ និងចែករំលែកនៅលើបណ្តាញសង្គមនៅក្នុងប្រទេសចិន បន្ទាប់ពីលោកធ្វើដំណើរមកសម្តែងនៅប្រទេសថៃ តាមការអន្ទងរបស់ក្រុមដែលសមត្ថកិច្ចថៃ អះអាងថា ជាបណ្តាញបោកប្រាស់។
ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយអាជ្ញាធរថៃ បានចាត់វិធានការយ៉ាងរហ័ស ហើយបានជួយសង្គ្រោះលោក វ៉ាង ពីប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងទីក្រុង មីយ៉ាវ៉ាឌី នៅប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសថៃ កាលពីថ្ងៃអង្គារ សប្តាហ៍មុន។ ក្រោយការជួយសង្គ្រោះលោក វ៉ាង ហាក់មានភាពវង្វេងស្មារតី និងត្រូវបានគេកោរសក់ ហើយហេតុការណ៍នេះកំពុងអង្រួនពេញបណ្តាញសង្គមចិន។
លោកស្រី សាណា លី (Shawna Li) ជនជាតិចិនម្នាក់រស់នៅខេត្តស៊ីជាន ដែលគ្រោងធ្វើដំណើរមកកាន់ប្រទេសថៃ ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ជាមួយនឹងមិត្តភក្តិ ឥឡូវបានលុបចោលគម្រោងទេសចរណ៍នេះ ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។
ពាក់ព័ន្ធនឹងព័ត៌មាននេះ សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានលើកឡើងថា ព័ត៌មាននេះអាចធ្វើឲ្យទីផ្សារទេសចរណ៍ចិន នៅថៃ នាដើមឆ្នាំ២០២៥ ធ្លាក់ចុះពី១០ ទៅ២០% ស្របពេលក្រុមហ៊ុនទេសចរណ៍ចិន ដែលផ្តល់សេវាកម្មទេសចរណ៍មកថៃ ក៏បានរាយការណ៍ពីការលុបចោលគម្រោងមួយចំនួនផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤កន្លងទៅ ចិនជាទីផ្សារទេសចរណ៍ធំបំផុតរបស់ថៃ ដោយថៃ ទាក់ទាញបានភ្ញៀវទេសចរចិន សរុបរហូតដល់ជិត៧លាននាក់៕
ដោយៈ សរ សុជាតិ