នាឱកាសសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា មានរថយន្តគ្មានពន្ធចំនួនជាង ១ពាន់៦រយគ្រឿង បានបង់ពន្ធ ដែលគិតជាទឹកប្រាក់មានជាង ១៧លានដុល្លារអាមេរិក។ ក្នុងនោះ រថយន្តចង្កូតឆ្វេង មានជាង ៨០០គ្រឿង និងរថយន្តចង្កូតស្ដាំ មានចំនួន៨៣០គ្រឿង ដែលក្នុងនោះ រថយន្តដែលបានកែទៅចង្កូតឆ្វេង ចំនួន៨៥គ្រឿង។
ជាការកត់សម្គាល់របស់ឯកឧត្តម គុណ ញឹម បានយល់ឃើញថា បើទោះបី កម្ពុជា នៅស្ថិតក្នុងបរិបទនៃការត្បាតជំងឺសកលកូវីដ-១៩ ក៏ពិតមែន តែកិច្ចការប្រមូលពន្ធលើរថយន្តគ្មានពន្ធ នារយៈពេលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ ហាក់កាន់តែមានភាពប្រសើរ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អគ្គនាយកដ្ឋានគយ នៅតែបន្តអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់ចូលខ្លួនមកបង់ពន្ធឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០%។ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា បើសិនដល់ថ្ងៃទី៣១ ខែធ្នូ មិនឃើញម្ចាស់រថយន្តគ្មានពន្ធចូលមកពន្ធទេនោះ ម្ចាស់រថយន្តនឹងមិនទទួលបានការអនុគ្រោះពន្ធ១០%នោះទេ។
តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិត១ម៉ឺនគ្រឿង៕