បើគ្មានការប្រែប្រួលទេក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជីទឹកត្រីកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រ(GI) ប្រចាំខេត្តកំពតក្នុងពេលឆាប់ៗខាងមុខនេះ។ លោកឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង ជឿជាក់ថា ទឹកត្រីកំពតដែលជាផលិតផលកេរដំណែលដូនតានឹងមានឈ្មោះបោះសម្លេងមួយកម្រិតទៀត ក្រោយផលិតផលនេះត្រូវបានចុះបញ្ជី GI រូច។ តាមរយៈការបញ្ជី GI នេះធ្វើឲ្យអ្នកជំនួញរូបនេះមានសុទិដ្ឋិនិយមថា ទឹកត្រីកំពតនឹងមានវិសាលភាពទីផ្សារកាន់តែធំ ជាពិសេសតាមរយៈការហក់ចូលទីផ្សារអន្តរជាតិជាលើកដំបូងតែម្តង។
ដើម្បីគាំទ្រដល់ដំណើរការចុះបញ្ជីទឹកត្រីកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ក្រុមហ៊ុន សហគ្រាសផលិតទឹកត្រីនៅខេត្តកំពតគ្រោងបង្កើតសមាគមទឹកត្រីកំពតក្នុងពេលឆាប់ៗខាងមុខនេះ។ គោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីធានាការរក្សាគុណភាព ក៏ដូចជាធានានិរន្តភាពទីផ្សារផ្គត់ផ្គង់ទឹកត្រីកំពតឲ្យឆ្លើយតបនឹងតម្រូវប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុកនិងទីផ្សារនាំចេញ។
ទន្ទឹមនឹងបង្ហាញក្តីរំពឹងក្នុងការហក់ចូលទីផ្សារអន្តរជាតិ លោកឧកញ៉ា ចាន់ ស៊ីថា ក៏បានបង្ហាញពីកត្តាប្រឈមរបស់មួយចំនួន ដែលក្រុមហ៊ុនសហគ្រាសកំពុងជួបប្រទះក្នុងដំណើរការផលិតកម្មផលិតទឹកត្រីនៅខេត្តកំពតផងដែរ។ កត្តាប្រឈមទាំងនោះរួមមាន សហគ្រាសមួយចំនួនកង្វះដើមទុនក្នុងការពង្រីកផលិតកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត និងវេចខ្ចប់ និងកង្វះវត្ថុធាតុដើមជាដើម។ សម្រាប់ឧកញ៉ា ចាន់ ស៊ីថា ការដោះស្រាយបញ្ហាទាំងអស់នេះ វាត្រូវការពេលវេលា និងទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម គោលបំណងនៃការចុះ GI ទឹកត្រីកំពត គឺដើម្បីរួមចំណែកជួយលើកតម្កើងតម្លៃ និងអភិរក្សជំនាញផលិតផលិតផលវប្បធម៌ប្រពៃណីរបស់ដូនតា។ ជាពិសេស គឺដើម្បីលើកកម្ពស់ការប្រកួតប្រជែងគុណភាព និងការនាំចេញរបស់ផលិតផលទឹកត្រីកំពតជាមួយផលិតផលទឹកត្រីនៃបណ្តាប្រទេសជិតខាង។
គួររំលឹកថា ទឹកត្រីកំពតត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែត្រូវបានផ្អាកការផលិតនិងបាត់ឈ្មោះនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកបានចាប់ផលិតជាលក្ខណៈគ្រួសារឡើងវិញនៅអំឡុងឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន៕