អ្នកមានទ្រព្យស្ដុកស្តម្ភ ច្រើនតែជ្រើសរើសប្រទេសសិង្ហបុរី ដើម្បីជាកន្លែងព្យាបាល ឬត្រួតពិនិត្យសុខភាពជាប្រចាំ។ ចំណែកពលរដ្ឋដែលមានជីវភាពបង្គួរ ពួកគេជ្រើសរើសមន្ទីរពេទ្យប្រទេសថៃ និងប្រទេស វៀតណាម ខណៈពលរដ្ឋក្រីក្រ និងមានចំណូលមធ្យម ពួកគេមិនធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសឡើយ។
តើគួរត្រៀមអ្វីខ្លះ ដើម្បីបានព្យាបាលជំងឺនៅប្រទេសថៃ? នេះជាសំណួររបស់អ្នកជំងឺនៅកម្ពុជា ដែលមានបំណងចង់ទៅព្យាបាលជំងឺនៅប្រទេសថៃ តែងតែមានចម្ងល់។
បើតាមបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបាននាំសាច់ញាតិ ទៅព្យាបាលជំងឺនៅប្រទេសថៃ ដែលធ្វើដំណើរតាមផ្លូវគោក ដោយឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត គឺត្រូវមានលិខិតឆ្លងដែន (ប្រភេទ passport អ្នកទេសចរ ដែលគេអនុញ្ញាតឲ្យចូលប្រទេសថៃរយៈពេល១៤ថ្ងៃ) ពេលទៅដល់ហើយ នគរបាលព្រំដែនកម្ពុជា នឹងបំពេញបែបបទចេញក្រៅប្រទេស ដោយបង់ប្រាក់៥០បាត ឬ១ដុល្លារក្នុងម្នាក់ ខណៈនគរបាលព្រំដែនថៃវិញ ពួកគេបំពេញបែបបទឲ្យចូលប្រទេសរបស់គេដោយមិនគិតប្រាក់ឡើយ។ មួយវិញទៀត អ្នកជំងឺ ក៏គួរតែដូរលុយបាត(លុយថៃ) ទុកប្រើប្រាស់ពេលទៅដល់ប្រទេសថៃ ពីព្រោះ ខុសពីកម្ពុជា ប្រទេសថៃ មិនចាយលុយដុល្លារឡើយ។
តាមពិតទៅ លោកអ្នកមានជម្រើសច្រើនក្នុងការជ្រើសរើសមន្ទីរពេទ្យនៅប្រទេសថៃ ដូចជា នៅតាមបណ្តាខេត្ត និងរាជធានីបាងកក។ មន្ទីរពេទ្យនៅខេត្តសាកែវ ដែលជាខេត្តថៃជាប់ទឹកដីកម្ពុជា ក៏សម្បូរពលរដ្ឋខ្មែរទៅព្យាបាលដែរ។ រីឯពលរដ្ឋខ្លះទៀត ក៏ជ្រើសរើសយកមន្ទីរពេទ្យខេត្តសុរិនប្រទេសថៃ ពីព្រោះ នៅមិនឆ្ងាយប៉ុន្មានពីទឹកដីកម្ពុជា។ ដោយឡែក ខ្ញុំឯនេះវិញ គឺបានជ្រើសរើសយកមន្ទីរពេទ្យជូឡាឡុងកននៅក្រុងបាងកក។
ធ្វើដំណើរតាមរថយន្តពីខេត្តសាកែវទៅរាជធានីបាងកក ប្រហែលពី៤០០ទៅ៥០០គីឡូម៉ែត្រ ខ្ញុំបានទៅដល់រាជធានីបាងកក។ មន្ទីរពេទ្យ ជូឡាឡុងកន ដែលគេហៅថា ជាពេទ្យរបស់រដ្ឋ មានកម្ពស់ខ្ពស់ និងធំទូលាយប្រកបដោយឧបករណ៍ទំនើប ដូចជា ជណ្តើរយន្ត រទេះដឹកអ្នកជំងឺចាស់ៗ និងសម្ភារៈជាច្រើនទៀត ពោល គឺសាកសមដូចគេល្បីមែន។
សម្រាប់អ្នកពុំមានបងប្អូនដែលចេះភាសាថៃ គឺគួរតែរកអ្នកបកប្រែភាសាថៃម្នាក់ ដើម្បីនាំទៅព្យាបាល ពីព្រោះ ជនជាតិថៃ ហាក់ដូចជាមិនសូវប្រើភាសាបរទេសផ្សេងក្រៅពីភាសាកំណើតរបស់ពួកគេឡើយ។ នៅទីនេះ ក៏មានពលរដ្ឋខ្មែរ ដែលរកស៊ីផ្នែកបកប្រែ និងណែនាំអ្នកជំងឺឲ្យទទួលបានការព្យាបាលផងដែរ ដោយក្នុងមួយថ្ងៃ ពួកគេគិតត្រឹម៧០០បាត ឬប្រហែល៩ម៉ឺនរៀលនៅក្នុងមួយថ្ងៃសម្រាប់អ្នកជំងឺម្នាក់។
មិនខុសពីពេទ្យនៅកម្ពុជានោះទេ ពេទ្យនៅទីនោះ ក៏បង្កើតលេខរៀងឲ្យអ្នកជំងឺឈរតម្រង់ជួររង់ចាំ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់អ្នកជំងឺដែលជាអតិថិជនផងដែរ ពោល គឺអ្នកមកមុន បានចូលពិនិត្យជំងឺមុន ឯអ្នកមកក្រោយ ត្រូវពិនិត្យជំងឺតាមក្រោម ដោយសារតែមន្ទីរពេទ្យនេះ មានអ្នកជំងឺច្រើនមករង់ចាំព្យាបាល។
លោក ផូ សុផាន ដែលបានវះកាត់ច្រមុះនៅកម្ពុជាប្រហែល៣ខែមុន ប៉ុន្តែ លោកនៅតែមានអាការៈឈឺក្បាល ដែលលោកសង្ស័យថាមកពីបញ្ហាច្រមុះ ក៏បានធ្វើដំណើរទៅពិនិត្យនៅមន្ទីរពេទ្យជូឡាឡុងកននេះ ដើម្បីជម្រះមន្ទិលសង្ស័យ ខណៈអាការៈនេះ ពេទ្យកម្ពុជា ដែលលោកបានទៅពិនិត្យមន្ទីរពេទ្យ និងគ្លីនិកជាច្រើនហើយនោះ នៅតែរកមិនឃើញមូលហេតុនៃការឈឺក្បាលនេះទៀត។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មន្ទីរពេទ្យជូឡា ឡុងកន បានឲ្យខ្ញុំរត់ចុះរត់ឡើង ដើម្បីធ្វើបែបបទព្យាបាល ស្រាប់តែរយៈ៣ម៉ោងហើយ ទើបគេប្រាប់ខ្ញុំថា កន្លែងគេពេញអស់ហើយ ឲ្យខ្ញុំមកខែ៥ឯនោះវិញ។ ខ្ញុំក៏ទៅរកពេទ្យឯកជននៅបាងកក ព្រោះ មកហើយកុំឲ្យខាតជើង។ ក្រោយមក មន្ទីរពេទ្យនោះ គេក៏យកចិត្តទុកពិនិត្យមើលដោយមិនឲ្យខ្ញុំរង់ចាំយូរនោះទេ។ នៅទីបំផុត គេបានរកឃើញមូលហេតុនៃជំងឺ គេក៏ឲ្យថ្នាំលេប។ ខ្ញុំប្រើពេល៥ថ្ងៃ និងចំណាយប្រាក់សរុបអស់៥០០ដុល្លារ ដើម្បីមកព្យាបាលនៅទីនេះ ប៉ុន្តែ ខ្ញុំសប្បាយចិត្ត ព្រោះ ខ្ញុំជឿថា ក្រោយលេបថ្នាំ បញ្ហាឈឺក្បាលនេះ នឹងជាសះស្បើយ»៕