តម្លៃទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេស ចំនួន ២១ប្រទេសគិតពីឆ្នាំ ២០០០ រហូតដល់រយៈពេលបីខែឆ្នាំ២០១៩នេះ គឺមានគម្រោងវិនិយោគសរុបប្រមាណ ៣៩០ គម្រោង ដែលមានទុនវិនិយោគជាង ៥.៦០០លានដុល្លារ។ ក្នុងនោះ មានប្រទេស៥ បានវិនិយោគក្នុងវិស័យសំណង់លេចធ្លោជាងគេ ទី១ ចិន មានតម្លៃទុនវិនិយោគ កើនដល់ ២.៤៩៥ លានដុល្លារ។ ទី២ ប្រទេសកូរ៉េខាងត្បូងមានតម្លៃទុនវិនិយោគ ១.៦៤៤លានដុល្លារ ។ ទី៣ ប្រទេសជប៉ុន ២៨១លានដុល្លារ ។ ទី៤ ប្រទេសថៃមាន ២៥០ លានដុល្លារ និងទី៥ប្រទេស សឹង្ហបុរី មាន ១៦២លានដុល្លារ។នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាង ថា កំណើនវិនិយោគិនជាតិ និងអន្តរជាតិជាកម្លាំងចលករដែលជំរុញទុនវិនិយោគនៅក្នុងវិស័យសំណង់ទទួលបាន ជាង ១ពាន់គម្រោងដែលមានតម្លៃទុនវិនិយោគជាង ១.៧០០ លានដុល្លារសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩នេះ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ បានកើនឡើង ២៣៦ ភាគរយ។
ឯកឧត្តម ឡៅ ទិព្វសីហា បានគូសបញ្ជាក់ថា ការកើនឡើងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៩នេះ ដោយសារតែមានការស្នើសុំវិនិយោគពីគម្រោងធំៗ មានដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ រមនីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីនកិនស្រូវ និងឡត៍សង្ងួត តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕