មន្ត្រីជាន់ខ្ពស់ចិនជួបអាមេរិកមានភាពវិជ្ជមានរឿងរនាំងពន្ធ!

មន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកជួបពិភាក្សាគ្នា ចំពេលវ៉ាស៊ីនតោនគ្រោងដករនាំងពន្ធលើទំនិញចិន


ឧបនាយករដ្ឋមន្ត្រីចិនលោកលីវ ហេ(Liu He) បានពិភាក្សាអំពីសំណុំរឿងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងរនាំងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិន ជាមួយនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen ក្នុងការជជែកគ្នាតាមប្រព័ន្ធវីដេអូអនឡាញមួយនៅថ្ងៃអង្គារទី៥កក្កដា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកជួបពិភាក្សាគ្នា ចំពេលវ៉ាស៊ីនតោនគ្រោងដករនាំងពន្ធលើទំនិញចិន
ដោយ

កិច្ច​ពិភាក្សា​រវាង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក និង​ចិន​នេះ ធ្វើ​ឡើង​ចំ​ពេល​មាន​សេចក្តីរាយការណ៍​មក​ថា រដ្ឋបាល​លោក​ចូ បៃ​ឌិន បាន​ខិត​ជិត​ដល់​ការ​សម្រេច​ដក​រនាំង​ពន្ធគយ​មួយ​ចំនួន​លើ​មុខទំនិញ​របស់​ចិន ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​កំពុង​តែ​កើន​ខ្ពស់​នៅ​អា​មេ​រិ​ក ។

សេចក្តីថ្លែងការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ចិន​គូសបញ្ជាក់​ថា លោក​លីវ ហេ ឧបនាយករដ្ឋមន្ត្រី​ចិន បាន​និយាយ​ទៅ​កាន់​លោកស្រី Yellen រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​កថា កា​រដក​រនាំង​ពន្ធ និង​ការ​ដក​ទណ្ឌកម្ម និង​ការ​អនុវត្ត​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​សម្រាប់​សហគ្រាស​ចិន គឺជា​ផ្នែក​មួយ​សំខាន់​ខ្លាំង​ណាស់ ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​យកចិត្តទុកដាក់ នៅ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ទំនង​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​។

ក្នុងអំឡុងពេល​នៃ​ជំនួប​ពិភាក្សា​នោះ​ដែរ លោកស្រី Yellen ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​អ្វី​ដែល​សហរដ្ឋអាមេរិក​ហៅ​ថា ការ​អនុវត្ត​សេដ្ឋកិច្ច "​អយុត្តិធម៌ និង​មិនមែន​ទីផ្សារ​" របស់​ប្រទេស​ចិន​ផង​ដែរ​។ ប៉ុន្ដែ លោកស្រី​បាន​ចាត់​ទុក​ការ​សន្ទនា​ជាមួយ​លោក លីវ ហេ​នេះ ថា​ជា​ការ​សន្ទនា​មួយ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ និង​មាន​សារៈសំខាន់​ណាស់ ។

សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ទៀត​ថា ក្រៅ​តែ​បញ្ហា​ពន្ធគយ និង​ពាណិជ្ជកម្ម ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​គោលនយោបាយ​សេដ្ឋកិច្ច និង​ស្ថិរភាព​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល ហើយ​ព្រមទាំង​បាន​យល់​ស្របគ្នា​ថា វា​មាន​សារសំខាន់​សម្រាប់​សហរដ្ឋអាមេរិក និង​ចិន ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ ដើម្បី​សម្របសម្រួល​ដល់​បញ្ហា​ដែល​កំពុង​កើត​មាននៅ​ក្នុង​តំបន់ និង​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​។ ដោយឡែក​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg កិច្ច​ពិភាក្សា​នេះ​មិន​មានការ​តឹង​ស​សៃ​ក ឬ​សាចទឹក​ដាក់​គ្នា​នោះ​ទេ តែ​វា​មាន​លក្ខណៈ​ជាក់ស្តែង និង​ក្នុង​ន័យ​ស្ថាបនា​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាង​ពីរ​។

គួរ​ជម្រាប​ថា ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ប៉េ​កាំ​ង បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កំពុង​មាន​សេចក្តីរាយការណ៍​មក​ថា ប្រធានាធិបតី Joe Biden អាច​នឹង​ប្រកាស​ភ្លាម​ៗ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ នូវ​កា​រដក​ពន្ធ​មួយ​ចំនួន​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​សរុប​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​។ ការ​ដក​ចេញ​វិញ​នូវ​រនាំង​ពន្ធ​មួយ​ចំនួន​លើ​ទំនិញ​ចិន ដែល​បាន​ដាក់​តាំង​តែ​ពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ត្រូវ​បាន​រដ្ឋបាល​លោក​បៃ​ឌិន រំពឹង​ថា នឹង​អាច​បន្ធូរបន្ថយ​ដល់​ការ​ចំណាយ​លើ​ទំនិញ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង ស្រប​ពេល​ដែល​អតិផរណា​នៅ​សហរដ្ឋអាមេរិក​បាន​ហក់​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នា​៤​ទស​វត្ស​ចុង​ក្រោយ​។

នៅ​ចុងបញ្ចប់​នៃ​កិច្ច​ពិភាក្សា ភាគី​ទាំង​ពីរ​បាន​យល់ព្រម​រក្សា​ការ​សន្ទនា​រវាង​គ្នា ដើម្បី​ឈាន​ទៅ​រក​ផ្លែផ្កា​កាន់តែ​ប្រសើរ​នា​ពេល​ខាង​មុខ​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មាន​កំណើន​យឺត​ដែល​ជា​លទ្ធផល​នៃ​ការ​បិទ​ខ្ទប់​ដោយ​អន្លើ​ៗ ដោយសារ​តែ​ការ​រាតត្បាត​កូ​វី​ដ​១៩ ការ​នាំ​ចេញ​របស់​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ​មិន​បាន​ថយ​ចុះ​សោះឡើយ ពោល​វា​បាន​កើនឡើង​ជាង ១៥% ខណៈ​ដែល​ការ​នាំ​ចូល​ពី​អា​មេ​រិ​កមក​ចិន​វិញ បាន​កើនឡើង ៤%​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាម មុនពេលទៅចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនក…

កម្ពុជា គ្រោងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋមីយ៉ាន់ម៉ា និងស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា

បញ្ហារបស់លោកស្រី អ៊ោង សានស៊ូជី នៅតែជាប្រធានបទយ៉ាងក្ដៅគគុក និងស្ថិតក្នុងរបៀបវារៈដ៏សំខាន់នៃដំណើរទស្សកិច្ចការងារលើកទី២ ក្នុងតួនាទីជាប្រេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ