នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស ក្រុមថ្នាក់ដឹកនាំនៃស្ថាប័នសេដ្ឋកិច្ចធំៗបានបង្ហាញថា សេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពនៅតែមិនល្អនោះទេ នៅក្នុងឆ្នាំ២០២៤ នេះ ជាពិសេសនៅអឺរ៉ុប សហរដ្ឋអាម៉េរិក ព្រមទាំងនៅប្រទេសចិន ដែលសុទ្ធតែជាក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់វាស់វែងកំណើនសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។
លោកស្រី សឌៀ ហ្សាហ៊ីឌី (Saadia Zahidi) នាយកគ្រប់គ្រង នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាននិយាយថា ភាពធន់នៃសេដ្ឋកិច្ចពិភពលោកនឹងបន្តឆ្លងកាត់ដំណាក់កាលសាកល្បងនៅពេលខាងមុខអំឡុងក្នុងឆ្នាំនេះ។
លោកស្រីបានបន្ថែមថា ទោះបីជាអតិផរណាសកលកំពុងធូរស្រាលក្ដី ក៏កំណើនកំពុងជាប់គាំង ហើយស្ថានភាពហិរញ្ញវត្ថុនៅតែតឹងតែង ស្របពេលដែលភាពតានតឹងសកលកំពុងកើនឡើង រីឯវិសមភាពក៏កើនឡើងដែលបង្ហាញពីភាពចាំបាច់ដែលត្រូវមានកិច្ចសហប្រតិបត្តិការសកលជាបន្ទាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
អ្នកស្ទង់មតិប្រមាណ ៤៣% បានព្យាករថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងសម្រេចបានកំណើនទាបក្នុងឆ្នាំនេះ ខណៈ ៧៧%បានព្យាករលទ្ធផលដូចគ្នាសម្រាប់សហភាពអឺរ៉ុប និង៣១% បានព្យាករលទ្ធផលដូចគ្នាសម្រាប់ប្រទេសចិន។
ហើយប្រមាណ១៣%ទៀត ក៏ជឿដែរថា ទាំងនៅសហរដ្ឋអាម៉េរិក និង ទាំងនៅសហភាពអឺរ៉ុប នឹងបន្តប្រឈមអតិផរណាខ្ពស់នៅក្នុងឆ្នាំនេះ។
ទន្ទឹមនេះទស្សនវិស័យសម្រាប់តំបន់អាស៊ី ដែលរួមមាន អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីបូព៌ា និង អាស៊ីប៉ាស៊ីហ្វិក មានភាពវិជ្ជមានជាងនៅ អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា លើកលែងប្រទេសចិន មួយចេញ ព្រោះប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងជួបបញ្ហាប្រឈមជាច្រើនរួមមាន តម្រូវការធ្លាក់ចុះ ផលិតកម្មក្នុងឧសហ្សាហកម្មធ្លាក់ចុះ ព្រមទាំងវិបត្តិក្នុងវិស័យអចលនទ្រព្យដែលបន្តជះផលប៉ះពាល់មកលើទីផ្សារក្នុងស្រុកនិង ក្រៅស្រុកផងដែរ៕
ដោយៈ សរ សុជាតិ