នៅក្នុងកម្មវិធីផ្សព្វផ្សាយពី «នីតិវិធី និងលក្ខខណ្ឌដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យ បញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា» ដែលជាយន្តការបន្ថែមក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីធានាឥណទាន បានដាក់ឱ្យ ដំណើរការចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នកម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូង សមមូលនឹងទឹកប្រាក់ ២០០លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថា កម្មវិធីធានា ឥណទាននេះនឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូល រួមហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។
ឯកឧត្តម សុង តុងហាប់ បានឱ្យដឹងដែរថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះ នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញកតាលីករនៃវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២៣។
លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថា ដើម្បីអាចទទលបានកម្ចីដែលមានការធានាឥណទាន អាជីវកម្មទេសចរណ៍ ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួនដូចជា៖ ទី១.អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ ភាគហ៊ុនលើសពី៥០%), ទី២.អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទយលបានការធានាឥណទាន និងទី៣.អាជីវកម្មដែលមានលទ្ធភាពសងត្រលប់វិញ។ លោកបាន បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន អាជីវកម្មទេសចរណ៍អាចធ្វើការទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ដោយគ្រាន់តែបញ្ជាក់ថា តើអាជីវកម្មមានតម្រូវការស្នើសុំលិខិតធានាឥណទានឬទេ? ក្រោមការអនុម័តកម្ចីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នឹងដាក់ពាក្យស្នើសុំមកសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់លិខិតធានាឥណទានជាការស្រេច។
គួបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១ពាន់១រយ៩៦ទីតាំង ដែលបានបិទឬផ្អាកដំណើរ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៤៩៨ ទីតាំងបានបិទទ្វារ និង៦៩៨ទីតាំងបានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន ២ម៉ឺន១ពាន់៩រយ៩៨នាក់៕