អាជីវកម្ម ដែលទទួលបានការលើកលែងការបង់ពន្ធ រយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែ មិនា ឆ្នាំ២០២១នោះ គឺត្រូវតែជាអាជីវកម្ម ដែលសកម្មភាពនៅក្នុង ក្នុងរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ កំពត កែប ក្រុងបាវិត និងក្រុងប៉ោយប៉ែត។
ជុំវិញនឹងការដាក់ចេញនូវវិធានការជុំទី ៧នេះដែរ លោក ហូ វណ្ណឌី សហប្រធានការងារវិស័យទេសចរណ៍ និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារទេចរណ៍ វើល អ៊ិចប្រេស បានឲ្យដឹងថា នេះគឺជាការគិតគូមួយយ៉ាងល្អបំផុតរបស់រាជរដ្ឋាភិបាលក្នុងដំណើរការលើកទឹកចិត្តដល់វិស័យឯកជន ដែលជាអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋឲ្យបន្តមានការងារធ្វើសម្រាប់ចំណូលគ្រួសារ និងសេដ្ឋកិច្ច។
លោក ហូ វណ្ណឌី បានអះអាងទៀតថា វិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីជួយកាត់បន្ថយការចំណាយរបស់សហគ្រាសនាពេលនេះ គឺគ្រាន់អាចជួយស្រោចស្រង់បានតែមួយចំណែកតិចតួចទេ ពោលគឺមិនដល់ទៅនឹង១០ភាគរយនៃចំណាយរបស់ពួកគាត់នៅឡើយទេ។ លោកថា អ្វីដែលមើលឃើញបច្ចុប្បន្នអាជីវកម្មដែលនៅតែអាចបន្តដំណើរការបានពេលនេះ គឺស្ថិតនៅក្នុងស្ថានភាពមួយលំបាក ហើយខ្លះទៀតក៏បានបិទអាជីវកម្ម ដោយបានប្តូរមុខរបរថ្មី ឬបន្ថែមនូវមុខរបរផ្សេងជំនួសក៏មាន។
លោកបន្តថា ស្ថិតនៅក្នុងស្ថានភាពនេះ អ្នករកស៊ីនៅក្នុងវិស័យទេសចរណ៍បានចាប់ផ្តើមកាត់បន្ថយសកម្មភាពអាជីវកម្មទេសចរណ៍របស់ខ្លួន ដោយងាកមកចាប់យកការពង្រីកអាជីវកម្មថ្មីជំនួស ខណៈដែលពួកគេបានមើលឃើញថា វិស័យនេះ នឹងមិនអាចដំណើរការឡើងវិញបានឆាប់នោះទេ បើទោះបីជាបាត់ជំងឺកូវីដ-១៩ ទៅវិញក៏ដោយ ខណៈខ្ទង់ចំណាយ របស់ប្រជាពលរដ្ឋពេលនេះ កាន់តែមានភាពប្រាកដប្រជាជាងមុន។
លោកហូ វណ្ណឌីបានឲ្យដឹងទៀតថា ក្នុងមួយរយៈពេលនៃជំងឺកូវីដ នេះរដ្ឋាភិបាលបានបាត់បង់ចំណូលជាតិយ៉ាងច្រើន ពិសេសគឺចំណូលពន្ធតែម្តង និងបន្តបន្តាប់មានការបាត់បង់ចំនួនអ្នកវិនិយោគក្នុងអាជីវកម្មទេសចរណ៍ និងបន្ថែមលើនេះ គឺការបាត់បង់ចំនួនកម្លាំងពលកម្មការងារតែម្តង។
លោកបន្ថែមថា ដើម្បីឲ្យវិស័យនេះ មានការងើបឡើងវិញឆាប់ទាល់តែមានការចូលរួមទាំងអស់គ្នាពិសេសគឺប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ ដោយត្រូវតែប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ដោយកុំធ្វេសប្រហែស ឬមើលស្រាលជំងឺនេះឲ្យសោះ ព្រោះបើមិនប្រកាន់ភ្ជាប់ការការពារដូច្នេះទេ វិស័យទេសចរណ៍នឹងបន្តធ្លាក់ចុះកាន់តែយូរថែមទៀត៕