ការអភិវឌ្ឍវិស័យទេសចរណ៍

រដ្ឋមន្រ្តីថ្មីដាក់ចេញយុទ្ធសាស្រ្តចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈអ្នកជំនាញចង់ឃើញការអនុវត្តន៍ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីថ្មីរូបនេះ ក៏បានដាក់ចេញនូវគោលការណ៍ និងយុទ្ធសាស្ត្រថ្មីៗមួយចំនួន សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែមានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយបន្ន ជាពិសេសប្រែក្លាយគោលដៅទេសចរណ៍របស់កម្ពុជាឲ្យក្លាយជាគោលដៅដ៏ទាក់ទាញមួយលើពិភពលោកសម្រាប់ការទស្សនា និងការវិនិយោគ។
ក្រសួងទេសចរណ៍ដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍
ដោយ

ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា កន្លងមកក្រសួងទេសចរណ៍បានដាក់ចេញនូវគោលនយោបាយល្អៗជាច្រើន តែហាក់ពុំទទួលបានលទ្ធផលគួរជាទីមោទននោះទេ។ កត្តានេះបានជំរុញអ្នកជំនាញចង់ឃើញការអនុវត្តយុទ្ធសាស្ត្រ ដែលបានដាក់ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី មានដំណើរការល្អប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងជោគជ័យជាងមុន។
នាឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រសិទ្ធនាមថាជា «មាសបៃតង» ដែលបានចូលរួមចំណែកក្នុងការភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានកន្លងមក ឯកឧត្ដម សុខ សូកេន អះអាងថា ក្រសួងទេសចរណ៍នៅមានភារកិច្ចចាំបាច់ និងបន្ទាន់មួយចំនួនទៀតដែលត្រូវបន្តអនុវត្តន៍នៅក្នុងចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

ដើម្បីសម្រេចបាននូវចក្ឋុវិស័យនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន ទី១.ភាពប្រកួតប្រជែងទេសចរណ៍ ទី២.ចីរភាពទេសចរណ៍ និងទី៣.បរិយាបន្នទេសចរណ៍ ជាមួយនឹងការដាក់ចេញនូវសសរស្ដម្ភយុទ្ធសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥» ព្រមទាំងមានការងារអាទិភាពគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍន៍៣» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងទសចរណ៍ ក៏បានដាក់ចេញនូវចម្កោមការងារអាទិភាពចំនួន៣ បន្ថែមទៀតផងដែរ ដោយក្នុងនោះរួមមានទី១.ពង្រឹងសម្ថភាពស្ថាប័ន និងអភិបាលកិច្ចទេចរណ៍ ទី២.ពង្រឹង និងពង្រីកភាពជាដៃគូរក្នុងការអភិវឌ្ឍវិស័យទេចរណ៍ និងទី៣.ការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឈានទៅឱ្យបានការសម្រេចចក្ខុវិស័យរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ជុំវិញរឿងនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកកម្ពុជាមានផែនការយុទ្ធសាស្រ្តល្អៗជាច្រើនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ក៏ប៉ុន្តែការអនុវត្តយុទ្ធសាស្រ្តទាំងនោះ ហាក់ទទួលបានលទ្ធផលមិនទាន់ពេញលេញនៅឡើយទេ។ យ៉ាងណាមិញ អ្នកជំនាញរូបនេះ បានបង្ហាញនូវការសាទរ និងគាំទ្រចំពោះការដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តថ្មីៗរបស់រដ្ឋមន្រី្តក្រសួងទេសចរណ៍ថ្មីនេះ។ ប៉ុន្តែអ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា កម្ពុជាត្រូវធ្វើយ៉ាងណាអនុវត្តន៍ផែនការទាំងនេះប្រកបដោយចីរភាព តម្លាភាព និងមានភាពទូលំទូលាយ ដើម្បីឱ្យផែនការទាំងនេះសម្រេចបានជោគជ័យពិតប្រាកដ។ សម្រាប់លោក ធួន ស៊ីណាន ការផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថលគឺជារឿងចាំបាច់ ដែលកម្ពុជាត្រូវធ្វីនាពេលបច្ចុប្បន្ននេះ ដ្បិតកន្លងមកការផ្សព្វផ្សាយអំពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក ហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយជាចាំបាច់ ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន។
គួរជម្រាបថា តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាពខាងលើ ក្រសួងទេសចរណ៍មានចក្ខុវិស័យរំពឹងទទួលបានទេសចរអន្តរជាតិចំនួន៨លាននាក់ ជាមួយទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់នៅឆ្នាំ២០២៨ ខាងមុខ។ ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ខណៈនៅ៧ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៣លាននាក់៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងជាមួយថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលអណត្តិទី៧

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រ…

ឯកឧត្តម វង្សី វិស្សុត៖ បច្ចុប្បន្នការវិនិយោគអន្តរជាតិហាក់គិតតែពីរឿងនយោបាយ និងបក្សពួកជាជាងផលចំណេញ

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីស្តីការគណរដ្ឋមន្ត្រីបានចាត់ទុករយៈពេល២៥ឆ្នាំខាងមុខ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺជាសករាជដ៏សំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ